ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណី ឆក់ទូរស័ព្ទ…
ភ្នំពេញ៖ ចាប់ជនសង្ស័យចំនួន២នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជាក់ស្ដែង តែមិនបានសម្រេច ពីជនបរទេសកំពុងដើរតាមដងផ្លូវ កាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យទាំងនាក់ ទី១ ឈ្មោះ សោម ចាន់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ។ ទី២ឈ្មោះ សុខ សុភ័ក្រ្ត អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ អ្នកធ្វើសកម្មភាពឆក់។

កម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាន និងភូមិសាស្ត្រ ងាយរងគ្រោះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក អាសង់ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT- 5712 ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃជាក់ស្ដែង ពីជនបរទេស កំពុងតែដើរហាត់ប្រាណនៅតាមបណ្ដោយផ្លូវលេខ២៨៨ កែងផ្លូវលេខ៦៣ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង តែមិនបានសម្រេច ភ្លាមៗនោះ កម្លាំងជំនាញ បានដេញប្រផាប់ប្រភីង រហូតដល់ចំណុច នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទើបចាប់ឃាត់ជនសង្ស័យ ។

ជនសង្ស័យទាំង២នាក់រួមទាំងម៉ូតូធ្វើសកម្មភាពត្រូវបាននគរបាល ឃាត់យកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធី៕

