សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៦នាក់ ជាមុខសញ្ញាចាស់…

ភ្នំពេញ: ជនសង្ស័យចំនួន៦នាក់ជាមុខសញ្ញាចាស់ដើរគាស់ ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិមានតំលៃ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប និងឃាត់ខ្លួន ខណ:កំពុងប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះមួយកន្លែង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។


ជនសង្ស័យដែលឃាត់ខ្លួនមាន ទី១ ឈ្មោះសិន ណេង ភេទប្រុស អាយុ២៦ឆ្នាំ មមុខរបរកម្មករសំណង់, ទី២ឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មមុខរបរកម្មករសំណង់, ទី៣ ឈ្មោះវ៉ាន់ រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ មមុខរបរកម្មករសំណង់, ទី៤ ឈ្មោះប៉ុនថេត ភេទប្រុសអាយុ២៣ឆ្នាំ មមុខរបរកម្មករសំណង់, ទី៥ ឈ្មោះ ទូច វ៉ានី ភេទប្រុស អាយុ២៩ឆ្នាំ និងទី៦ជាបងធំគេឈ្មោះ អាកៃ អាយុ៣០ឆ្នាំ។ ជនទាំងអស់នេះស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ។


ជនសង្ស័យនេះ ជាមុខសញ្ញាចាស់ដែលកម្លាំងតាមដាន និងស្រាវជ្រាវអស់រយ:ពេលជាយូរមកហើយ។ នៅយប់ឈានចូលថ្ងៃទី២៣ ខែឧសភា ជនសង្ស័យនេះ ឈ្មោះកៃ និងឈ្មោះសុខ រដ្ឋា ធ្លាប់គាស់ផ្ទះប្រជា ពលរដ្ឋនៅផ្សារជម្ពូវ័នលួច ខោ អាវ ទូរស័ព្ឌ និងសម្ភារៈផ្សេងទៀតសរុបជាប្រាក់ជាង៣ពាន់ដុល្លារ ហើយគេចខ្លួនបាត់អស់ ។
ជនរងគ្រោះពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគច្បាស់ក៏ទៅដាក់ពាក្យបណ្តឹងនៅរដ្ឋបាលនគរបាលចោមចៅទី១ ដោយសារប៉ុស្តិ៍ចោមចៅទី៣ជាប់ធ្វើចត្តាឡីស័ក។


លុះមកដល់ថ្ងៃកើតហេតុមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថាផ្ទះនេះ មានមនុស្សប្រុសចេញចូលខុសពីធម្មតាសង្ស័យប្រើប្រាស់ថ្នាំញៀន ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែងឃើញជនសង្ស័យកំពុងប្រើប្រាស់ថ្នាំញៀន ទើបធ្វើការឃាត់ខ្លួនយកទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram