ក្រោយពីមានមនុស្សឆ្លងជំងឺជាបន្តបន្ទាប់ មន្ត្រីមន្ទីរសុខាភិបាលបាញ់ថ្នាំសំលាប់មូស និងផ្សព្វផ្សាយនៅតាមមូលដ្ឋានក្រុងប៉ោយប៉ែត…


បន្ទាយមានជ័យ៖ ៣ទៅ៤ថ្ងៃនេះ ផ្ទុះជំងឺឆ្លងតៗគ្នា នៅក្នុងភូមិមួយចំនួន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលមានឈឺធ្ងន់ និងស្រាល ប្រមាណជាង១០០នាក់ មន្ត្រីសុខាភិបាលរួមទាំងអាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មូសដើម្បីការពារជំងឺឆ្លង នៅតាមមូលដ្ឋានភូមិនីមួយ និងសំអាតអនាម័យបំផ្លាញជម្រកមូស ទប់ស្កាត់ការរីករាលដាល នៅល្ងាចថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០។


លោក ចេ ពិចិត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការងារជំងឺឆ្លងបានឲ្យដឹងថា ការបាញ់ថ្នាំសម្លាប់មូសនេះ ក៏ដូចជាការផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋចេះធ្វើអនាម័យក្នុងការរស់នៅ ដូចជាបំផ្លាញជម្រកមូស នៅតាមសម្បកកំប៉ុង កង់ឡាន វត្ថុដែលមានទឹកដក់ និងនៅតាមកន្លែងផ្សេងៗដែលមូសអាចបន្តពូជបាន ដើម្បីបង្កាជំងឺគ្រុនឈាម ឬជំងឺផ្សេងដែលបណ្តាលមកពីមូសខាំ។


លោកបញ្ជាក់ថា រយៈពេលបីថ្ងៃនេះ ឃើញថា អ្នកភូមិមួយចំនួន នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតមានជំងឺច្រើន ដែលមានអាការ គ្រុនក្តៅ កើតកន្ទួល រមាស់ ឈឺសន្លាក់ ខាងមន្ត្រីមន្ទីរសុខាភិបាលកំពុងតែយកចិត្តទុកដាក់ចុះមកស្រាវជ្រាវដើម្បីបូបឈាមអ្នកជំងឺយកទៅវិភាគនៅរាជធានីភ្នំពេញ ដូច្នេះមន្ត្រីសុខាភិបាលមិនទាន់ហ៊ានបញ្ជាក់ប្រភេទជំងឺអ្វីបានឡើយ ត្រូវរងចាំលទ្ធផលវិភាគសិន។
លោកបញ្ជាក់ថា តាមអាការអ្នកជំងឺ ដូចជាជំងឺម្យ៉ាងដែលធ្លាប់កើតមាននាពេលកន្លងមក។ តែទោះបីជាយ៉ាង លោកអនុប្រធានមន្ទីររូបនេះ បញ្ជាក់ថា អាការអ្នកជំងឺពុំមានអ្នកស្លាប់ នោះទេ ចំណែកអ្នកដែលបានទទួលសេវាព្យាបាលពីមន្ត្រីសុខាភិបាលនោះ កំពុងតែមានសុខភាពល្អប្រសើរឡើង និងអ្នកខ្លះត្រូវជាចេញពីមន្ទីរពេទ្យផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram