ស្ត្រីម្នាក់ ជាប្រពន្ធដើម តាមទាន់ប្ដីលួចមានប្រពន្ធចុង ផ្ទុះហិង្សាវាយតប់គ្នា…

ភ្នំពេញ ៖ស្ត្រីម្នាក់ជាប្រពន្ធដើមបានតាមទាន់ប្ដីលួចមានប្រពន្ធចុង និងកំពុងអង្គុយផឹកស៊ីជុំគ្នាក្នុងផ្ទះល្វែងនៅបុរីពិភពថ្មី ផ្លូវលេខ១៩ ផ្ទះលេខ៧៧ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ផ្ទុះហិង្សាវាយគ្នាមួយប្រាវ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ច កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។



ស្ត្រីជាប្រពន្ធដើមបានប្រាប់ឱ្យដឹងថា៖ ប្ដីរបស់គាត់បានលួចទាក់ទងស្រីជាប្រពន្ធចុង អស់រយៈពេលជាងមួយ
ឆ្នាំមកហើយ ហើយមានថ្ងៃមួយគាត់បានតាមទាន់ឃើញប្តីកំពុងផឹកស៊ីជាមួយគ្នា ហើយស្រីជាប្រពន្ធចុងនោះបាននិយាយឌឺដងដាក់គាត់ថែមទៀតផង ព្រមទាំងគប់គាត់មួយកែវ ត្រូវចំចិញ្ចើមខាងស្ដាំបណ្ដាលឲ្យរងរបួសដេរដល់ទៅដប់ថ្នេរ ។ ប៉ុន្តែដោយសារតែមានការលួងលោមពីប្ដីរបស់គាត់កុំឲ្យមានការប្ដឹងផ្ដល់គ្នា ហើយប្ដីរបស់គាត់សន្យាថា នឹងឈប់ទាក់ទងគ្នាជាមួយស្រីនោះទៀត ទើបគាត់សុខចិត្តតាមលោកប្ដីកំហូចមិនប្ដឹងវិញ ។


នៅយប់កើតហេតុគាត់បានបើករថយន្តព្រូសមួយគ្រឿងចូលក្នុងបុរីពិភពថ្មី ត្រង់ចំណុចកើតហេតុក៏ បានក្រឡេកឃើញរថយន្តព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ2AZ -1072 ដែលជារថយន្តរបស់គាត់ ទើបគាត់គិតថាប្ដីគាត់ពិតជានៅក្នុងផ្ទះនេះជាមួយស្រីជាប្រពន្ធចុងហើយ រំពេចនោះគាត់ក៏បាន ឈប់រថយន្តរួចហើយដើរចូលទៅមើលស្រាប់តែឃើញប្ដីរបស់គាត់កំពុងជួបជុំគ្នាផឹកស៊ី ពេលនោះគាត់ក៏បានហៅប្ដីមកដោះស្រាយគ្នា ស្រាប់តែស្រីជាប្រពន្ធចុងចេញមកជេរគាត់រួច ចូលទៅខាងក្រោយផ្ទះយកទឹកក្ដៅឧណ្ហៗមួយកាធុនមកជះលើមុខគាត់ រួចធ្វើសកម្មភាពវាយក្បាលគាត់កើតរឿងប្រតាយប្រតប់គ្នាតែម្ដង។

ឃើញដូច្នេះប្ដីរបស់គាត់ក៏ចេញពីក្នុងផ្ទះមកចាប់រូបគាត់ជាប្រពន្ធដើមទៅម្ខាង រួចចាប់ប្រពន្ធចុងចូលក្នុងផ្ទះដាក់គន្លឹះទ្វារជាប់ ទើបមួយសន្ទុះក្រោយមកប្ដីគាត់ចេញមកខាងក្រៅវិញ បម្រុងយករថយន្តបើកចេញតែត្រូវគាត់ជាប្រពន្ធដើមឃាត់មិនឱ្យទៅ ដើម្បីរង់ចាំសមត្ថកិច្ចមកដោះស្រាយគ្នាសិន តែប្ដីគាត់មិនស្ដាប់ណាមួយខ្មាសគេផង ក៏សុខចិត្តដើរចេញបាត់ទៅ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ផ្ទះកើតហេតុនេះ ហើយបានឲ្យស្ត្រីរងគ្រោះជាប្រពន្ធដើមទៅដាក់ពាក្យបណ្ដឹង នៅនគរបាលប៉ុស្តិ័រដ្ឋបាលព្រៃសដើម្បីដោះស្រាយគ្នាតាមច្បាប់ ។


ចំពោះករណីនេះ សារព័ត៌មានមិនអាចសុំការបំភ្លឺពីភាគីខាងប្ដី ឬស្ត្រីជាប្រពន្ធចុងបាននោះទេ ព្រោះសួរមិនឆ្លើយ និងគេចវេះមិនចង់ជួប ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram