យុទ្ធជនជីវពលប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា ដកថយពីទីប្រជុំជន…

យ៉ាងហ្គោន៖ពួកយុទ្ធជននៃក្រុមជីវពលមូលដ្ឋានមួយដែលប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា បានដកថយពីទីប្រជុំជនមីនដាតនៅភាគពាយព្យប្រទេស បន្ទាប់ពីរងការវាយប្រហារពីទ័ពជើងគោកអស់ពេលជាច្រើនថ្ងៃ ក្រោមការគាំទ្រដោយកាំភ្លើងធំរបស់យោធាមីយ៉ាន់ម៉ា នេះបើតាមការអះអាងពីសមាជិកម្នាក់នៃក្រុមជីវពលនេះកាលពីថ្ងៃអាទិត្យ។


សហរដ្ឋអាម៉េរិកនិងអង់គ្លេសក្នុងពេលជាមួយគ្នា បានអំពាវនាវអោយយោធាមីយ៉ាន់ម៉ាបញ្ចៀសការបង្ករបួសស្នាមនិងការបាត់បង់ជីវិតជនស៊ីវិលហើយរដ្ឋាភិបាលឯកភាពដែលបង្កើតឡើងដោយក្រុមអ្នកស្មោះនឹងមេដឹកនាំកំពុងជាប់ឃុំ អ៊ុង សាន ស៊ីជី បានអំពាវនាវអោយអន្តរជាតិជួយ។


ការប្រយុទ្ធគ្នាកើតមាននៅទីប្រជុំជន មីនដាត ចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីព្រំដែនចិននិងរដ្ឋកាជីន ។វាជាការប៉ះទង្គិចប្រដាប់អាវុធខ្លាំងបំផុតចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃ១កុម្ភៈ ដែលបានរុញប្រទេសចូលក្នុងចលាចលជាមួយនឹងបាតុកម្ម កូដកម្មស្ទើររាល់ថ្ងៃនិងការលេចឡើងក្រុមជីវពលមូលដ្ឋានថ្មីៗ។
គេហទំព័រRFAដែលផ្តល់មូលនិធិដោយអាម៉េរិក បានស្រង់សម្តីសមាជិកម្នាក់នៃក្រុមនេះដែលថា អ្នកប្រយុទ្ធ៥នាក់ត្រូវបានសម្លាប់ តែខាងយោធាត្រូវគេជឿថាខាតបង់លើសនេះ៤ទៅ៥ដង។


ចំណែកទូរទស្សន៍គ្រប់គ្រងដោយយោធា បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងសន្តិសុខខ្លះត្រូវបានសម្លាប់និងបាត់ខ្លួនក្រោយការវាយប្រហារពីសំណាក់”មនុស្សអាក្រក់។កងកម្លាំងសន្តិសុខនឹងធ្វើការទាំងថ្ងៃទាំងយប់ដើម្បីនាំសណ្តាប់ធ្នាប់មកវិញ”។
ការប្រយុទ្ធនេះកត់សំគាល់ការលេចឡើង”កងកម្លាំងការពារទឹកដីជីន”ដែលជាក្រុមថ្មីមួយក្នុងចំណោមក្រុមជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងរបបយោធានៅក្នុងប្រទេសមួយដែលមានក្រុមប្រដាប់អាវុធជនជាតិភាគតិចជាងម្ភៃរួចស្រេចទៅហើយ។


ពួកអ្នកប្រយុទ្ធក៏បានអះអាងថា ពួកគេជាផ្នែកនៃ«កងកម្លាំងការពារប្រជាជន»របស់រដ្ឋាភិបាលស្រមោលមួយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram