សមត្ថកិច្ច បង្ក្រាបមុខសញ្ញា ២ នាក់ ពាក់ព័ន្ធគ្រឿងញៀន…

បាត់ដំបង៖ នគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត សហការជាមួយ កម្លាំងនគរបាល នៃមន្ទីរប្រឆាំង គ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយ ខុសច្បាប់ នូវសារធាតុញៀន ១ ករណី នៅចំណុចក្រុមទី៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងបទល្មើសជាក់ស្តែងកាលពីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។


នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត បានឱ្យដឹងថា នៅក្នុងការបង្ក្រាបនោះ កម្លាំងមានសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ បានចំនួន ២ នាក់គឺៈ ១-ឈ្មោះ ឡេង សម្បត្តិ ហៅ វេង , ហៅខ្លី ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិ ស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និង២-ឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។


ប្រភពបានបញ្ជាក់ថា៖ វត្ថុតាងដែលដកហូតបាន រួមមាន៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ៣ កញ្ចប់ធំ មានទម្ងន់ ២.៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ) ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន យ៉ាម៉ា WY ចំនួន ១.០០៦ គ្រាប់ មានទម្ងន់ ៨៧,៣២ ក្រាម ថ្នាំញៀន ប្រភេទ អិចស្តាស៊ី MDMA ចំនួន ១៤៩ គ្រាប់ មានទម្ងន់ ៥១,៦២ ក្រាម ថ្នាំញៀនប្រភេទ កេតាមីន KETTAMIN ចំនួន ២០ គ្រាប់ ទម្ងន់ ៣,៩២ ក្រាម រថយន្តចំនួន ១ គ្រឿង ម៉ាកត៉ូយ៉ូតា កាមរី (បាឡែន) ពណ៌ស្ករ ស៊េរីឆ្នាំ ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837 ។ ថ្នាំញៀនសរុបរួមមានទម្ងន់ ៣.១៣២,២០ ក្រាម (ថ្នាំសុទ្ធ) ។
ពេលនេះ សមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូន ទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់វិធានការ តាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram