ភ្លៀងមានខ្យល់កន្ត្រាក់ បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ ៦ ខ្នងរលំ….
ស្វាយរៀង៖ យ៉ាងហោចណាស់ ក៏មានផ្ទះប្រជាពលរដ្ឋ ចំនួន៦ខ្នង បានដួលរលំរាបដល់ដី ខណៈពេលមានភ្លៀងធ្លាក់ មួយមេធំ គួបផ្សំនឹងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗ កាលពីវេលាម៉ោងជាង ៤ រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មានផ្ទះប្រជាពលរដ្ឋ ប្រមាណជា ៦ ខ្នង ធ្វើពីស័ង្កសី បានដួល រលំរាបដល់ដី ប៉ើងខ្ទេចខ្ទី ស្ថិតនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ហើយដោយឡែក ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ក៏បានរងការខូចខាត ប៉ុន្តែមិនទាន់ដឹងខ្នងនោះដែរ។
ប្រភពដដែល បានបន្តឲ្យដឹងទៀតថា៖ គេមិនទាន់ដឹង ចំនួនពិតប្រាកដ នៃផ្ទះប្រជាពលរដ្ឋ ដែលបានរងការខូចខាត និងមានមនុស្សរងគ្រោះថ្នាក់ ប៉ុន្មាននាក់នោះទេ ដោយសារតែស្ថានភាព មេឃងងឹត។ ក្រៅពីរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ នាល្ងាចថ្ងៃដដែលនេះ ចរន្តអគ្គិសនី នៅក្នុងឃុំថ្មី ក្នុងស្រុក កំពុងរកបានដាច់ទាំងស្រុង៕



