អ្នកឆ្លងCOVID-19 ៦ពាន់នាក់ នឹងតេស្តថ្នាំមួយប្រភេទនៅផ្ទះ ក្រោមការតាមដានពីចម្ងាយ……
អន្តរជាតិ៖ ការសិក្សាលក្ខណៈអន្តរជាតិមួយ នឹងធ្វើតេស្ដលើថ្នាំប្រឆាំងការរលាកធម្មតាមួយដើម្បីដឹងថា តើវាអាចប្រឆាំងនឹងផលវិបាកវីរុស COVID-19 និងការពារអ្នកជំងឺពីការចូលសម្រាកមន្ទីរពេទ្យដែរឬទេ។

ការសិក្សានេះ កំណត់ចំនួនអ្នកចូលរួម ៦០០០នាក់ គិតពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយអ្នកចូលរួមមកពីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសក្នុងសហភាពអឺរ៉ុប ដោយមិនមានការទំនាក់ទំនងផ្ទាល់ខាងក្រៅ។ អ្នកចូលរួមទាំងអស់ នឹងទទួលបានថ្នាំឈ្មោះ colchicine តាមបញ្ញើ និងត្រូវតាមដានតាមរយៈទូរស័ព្ទ ឬការហៅជាវីដេអូ ក្រោយពីធ្វើតេស្ដរកឃើញវីរុស COVID-19 ក្នុងអំឡុងពេល៤៨ម៉ោង។

Blood sample with respiratory coronavirus positive
ថ្នាំ Colchicine គឺប្រើសម្រាប់ព្យាបាលជំងឺប្រគ្រីវ (ជំងឺរលាកសន្លាក់ម្យ៉ាងដែលធ្វើឱ្យឈឺ និងហើម ជាពិសេសនៅមេជើង) នេះបើយោងតាមវិទ្យាស្ថានសុខាភិបាលជាតិរបស់សហរដ្ឋអាមេរិក ។ ថ្នាំនេះ ជួយកាត់បន្ថយការឈឺចាប់នៃការរលាក និងការហើមនៅសន្លាក់។
អ្នកវិទ្យាសាស្ត្រ បានសន្មត់ថាការព្យាបាលវីរុស COVID-19 ក្នុងដំណាក់កាលដំបូងជាមួយថ្នាំ colchicine អាចការពារការឆ្លើយតបខ្លាំងរបស់ប្រព័ន្ធភាពស៊ាំដែលគេហៅថាគឺ ព្យុះ cytokine (Cytokine storm) ដែលអាចបង្កការខូចខាតដល់សរីរាង្គផ្សេងៗរបស់រាងកាយ។ អ្នកវិទ្យាសាស្ត្រមួយចំនួន បានសន្និដ្ឋានថាព្យុះ cytokine អាចមានចំណែកក្នុងការបង្កផលវិបាកធ្ងន់ធ្ងរដោយសារវីរុស COVID-19។ ក្រុមអ្នកវិទ្យាសាស្រ្តសម្គាល់ថា ក្មេងៗគឺមានភាគរយតិចក្នុងការកើតមានព្យុះ cytokine និងមានរោគសញ្ញាស្រាល។
វេជ្ជបណ្ឌិត Jean-Claude Tardif ប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានផ្នែកបេះដូង នៅទីក្រុង ម៉ុងត្រេអាល (Montreal) និងជាអ្នកសង្កេតក្នុងការសិក្សានេះ បានលើកឡើងថា នេះជាការសិក្សាដ៏សំខាន់មួយដែលអាចផ្តល់ចម្លើយថា ការកាត់បន្ថយការរលាក អាចបង្ការផលវិបាកធ្ងន់ធ្ងរមកពីវីរុស COVID-19ឬយ៉ាងណា។
អ្នកចូលរួម ត្រូវមានអាយុចាប់ពី៤០ឆ្នាំឡើង និងមានកត្តាហានិភ័យយ៉ាងតិចមួយសម្រាប់ផលវិបាកធ្ងន់ធ្ងរនៃវីរុស COVID-19 ដូចជាជំងឺបេះដូង ជំងឺសួត ជំងឺទឹកនោមផ្អែម ឬសម្ពាធឈាមខ្ពស់ ហើយក៏ត្រូវធ្វើតេស្ដរកវីរុសនេះក្នុង២៤ម៉ោង មុនចុះឈ្មោះ។ អ្នកចូលរួមអាចចុះឈ្មោះតាមរយៈទូរស័ព្ទ និងចុះហត្ថលេខាតាមអនឡាញ និងទទួលបានថ្នាំតាមរយៈបញ្ញើ ហើយនឹងត្រូវតាមដានក្រោយ១៥ទៅ៣០ថ្ងៃ។ អ្នកវិទ្យាសាស្ត្រ នឹងពិនិត្យថាតើថ្នាំនេះអាចកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ ឬការស្លាប់ដោយវីរុស COVID-19ឬអត់៕
