រថយន្ត 570 បុកគ្នាជាមួយរថយន្តផច លាន់ដូចរន្ទះនៅចំណុចស្តុបបែកជាបួន បណ្តាលរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ រថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តស៊េរីទំនើប lexus lx 570 ពាក់ស្លាកលេខខេមរៈភូមិន្ទ ចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងលាន់ដូចរន្ទះបណ្តាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី ៥ ខែមករាឆ្នាំ២០២២ នៅចំណុចស្តុបបែកជាបួន តាមបណ្ដោយផ្លូវR5 កែងនឹងផ្លូវ R8 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកផច មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M-4455ធ្វើដំណើរតាមបណ្តោយផ្លូវ R8 ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវR6 បម្រុងឆ្ពោះទៅផ្លូវ ទំនប់70 ខណៈនោះក៍មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកlexus lx 570 ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-0817ធ្វើដំណើរតាមបណ្ដោយផ្លូវ R5 ទិសដៅពីកើតទៅលិច ឆ្ពោះទៅផ្លូវR8 ចាប់ហ្វ្រាំងមិនទាន់បុកចំពីចំហៀងរថយន្តផច ខាងស្ដាំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕





