បើកដំណើការទេសចរណ៍ទូទាំងប្រទេសឡើងវិញ…
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ហើយដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បានណែនាំនូវគោលការណ៍ និងហាមឃាត់មួយចំនួនរួមមាន៖

មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យបើកឡើងវិញនូវរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ដោយឡែក ចំពោះរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្នុងខេត្ត ឬតំបន់ដែលបានដាក់ចេញវិធានការ បិទខ្ទប់ មន្ទីរទេសចរណ៍ ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទគោលដៅខាងលើជាបណ្តោះអាសន្នបន្តទៀត រហូតដល់មានការសម្រេចដាក់ចេញនូវវិធានការថ្មី។
ចំណែកចំពោះខេត្ត ឬតំបន់ដែលមិនមានការបិទខ្ទប់មន្ទីរទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ ដោយមិនត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្ដល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត។

គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៏របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសវិធានការ “៣ ការពារ” គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្ពោតសុវត្ថិភាព និងវិធានការ *៣.កុំ” គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅកន្លែងដែលបិទជិត និងកុំប៉ះពាល់គ្នា ព្រមជាមួយការខិតខំអនុវត្តការគ្រប់គ្រង និងអភិវឌ្ឍគោលដៅ ទេសចរណ៍ក្នុងគន្លងថ្មី៕
