អាជ្ញាធរកោះកុងពុំតម្រូវឱ្យពលរដ្ឋ ឬអ្នកទេសចរធ្វើចត្តាឡីស័កទេ…

កោះកុង៖ អាជ្ញាធរខេត្តកោះកុង លើកឡើងថា រដ្ឋបាលខេត្តមិនតម្រូវឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរធ្វើចត្តាឡីស័កនោះទេ គ្រាមានបំណងចង់លេងកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្ត។
ការអះអាងរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងនៅពេលនេះ ក្រោយពីរាជរដ្ឋាភិបាលដែលសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមេសា នេះ។


លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង បានប្រាប់ ឱ្យដឹងថា៖ នេះជាការបើកភ្លើងខៀវសម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរពីខេត្តដែលមិនមែនជារស់នៅក្នុងតំបន់បិទខ្ទប់ អាចមកលេងកម្សាន្តបងប្អូនក្រុមគ្រួសារ និងរមណីយដ្ឋាននានាក្នុងខេត្តបានហើយពុំមានការហាមប្រាម ឬធ្វើចត្តាឡីស័កអ្វីទេ ប៉ុន្តែចាំបាច់ទាមទារឱ្យរក្សានូវវិធានការសុខាភិបាលគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។


លោក សុខ សុទ្ធី បន្តទាមទារពលរដ្ឋចំណូលថ្មី និងអ្នកទេសចរ គឺដាច់ខាតត្រូវតែរក្សាវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ៣ការពារ ដដែល ទោះបីជាពួកគេពុំរស់នៅក្នុងតំបន់ខេត្តបិទខ្ទប់ ឬបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដងហើយក្ដី។


លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង លើកឡើងថា៖ អាជ្ញាធររបស់លោកនៅតែរក្សាទុកប៉ុស្តិ៍ត្រួតពិនិត្យសុខភាពចំពោះអ្នកដំណើរដែលមានបំណងចូលមកកាន់ខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចនៅឃុំបឹងព្រាវ ស្រុកស្រែអំបិលដដែល ក្នុងគោលបំណងពង្រឹងវិធានការសុខាភិបាល។


លោកអភិបាលរងខេត្ត បានពន្យល់ថា៖ ចំពោះប៉ុស្តិ៍ត្រួតពិនិត្យសុខភាពតាមស្រុកប្រមាណ៤ទីតាំងធំៗផ្សេងទៀត ឈប់ដំណើរការអស់ហើយ ដោយលោកបញ្ជាឱ្យកងកម្លាំងប្រចាំការនៅតាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram