ឃុំខ្លួនមន្ត្រីយោធាជិះម៉ូតូបុកបារ៉ាស់ហើយជេរប្រមាថ វាយសមត្ថកិច្ច…
ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមតុលាការ លោក គុជ គឹមឡុង បានឲ្យដឹងថា លោក សេង លាង អនុប្រធានសាលាដំបូង ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនមន្ត្រីយោធាម្នាក់ពាក់ពន្ធករណីជិះម៉ូតូបុកបារ៉ាស់ ហើយជេរប្រមាថ នឹងវាយតប់សមត្ថកិច្ចកំពុងអនុវត្តផែនការបិទខ្ទប់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
ការសម្រេចឃុំខ្លួននេះ គឺយោងទៅលើការចោទ ប្រកាន់ជាផ្លូវការ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងអំពើហិង្សា ជាបទល្មើសព្រហ្មទណ្ឌ នឹងបទល្មើសស្តីពីច្បាប់.បិទខ្ទប់.ប្រឆាំងកូវីដ តាមមាត្រា៤ នឹងមាត្រា១១នៃច្បាប់ប្រឆាំងកូវីដ។

លោក គុជ គឹមឡុង បញ្ជាក់ថា ជនជាប់ចោទឈ្មោះ ខៀវ ចាន់ សុភ ក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជា មន្ត្រីយោធា មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក (ស័ក្តិ ៣) នឹងមាន ទីលំនៅ ផ្ទះ លេខ ២២AE0 ផ្លូវ ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរសំណុំរឿងមន្ត្រីយោធានេះ ដែលជាប់ពាក់ព័ន្ធករណីជិះម៉ូតូបុកបារ៉ាស់ ជេរប្រមាថ នឹងវាយលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់.បិទខ្ទប់.នឹងហាមឃាត់ការធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាទីតាំងឆ្លងរីករាលដាលនូវជំងឺវីរុសកូវីដ-១៩។
ក្រោយការសាកសួរតំណាងអយ្យការបានចោទប្រកាន់ ហើយចៅក្រមបានបន្តនីតិវិធីឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ដើម្បីទុកឱកាសឲ្យជនជាប់ចោទរកមេធាវីការពារខ្លួន និងបង្ហាញឯកសារនានាដើម្បីដោះបន្ទុកនៅពេលសវនាការឆាប់ៗខាងមុខនេះ ដែលបញ្ជាក់ថាខ្លួនមានជំងឺវិប្បលាស៕
