ម៉ាស៊ីនសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩នឹងដំណើរការក្នុងពេលឆាប់ៗនេះ….
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបាននិងកំពុងរៀបចំទីតាំងដីមួយកន្លែងដែលមានទំហំ ១០ហិកតា ស្ថិតនៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើជាឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈដែលបណ្ដាញអគ្គិសនីកំពុងតភ្ជាប់។ ចំណែកឡដុតអគ្គិសនី ក៏បានបញ្ជូនមកដល់កាលពីពេលថ្មីៗនេះហើយដែរ។

លោក មួង ធី អភិបាលស្រុកឱរ៉ាល់ បានប្រាប់ ឱ្យដឹងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ថា៖ ឈាបនដ្ឋានសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ ដែលកំពុងរៀបចំនេះ ក្រោមការដឹកនាំរបស់ក្រុមអ្នកបច្ចេកទេសសាលារាជធានីភ្នំពេញ ចំពោះរដ្ឋបាលខេត្ត បានត្រឹមតែផ្តល់ដី និងចូលរួមសម្របសម្រួលតែប៉ុណ្ណោះ។ ដោយសារនេះជាការងារអាទិភាព ដូច្នេះក្រុមការងារ បាននិងកំពុងសម្រុករៀបចំ និងជំរុញការងារនេះយ៉ាងឆាប់រហ័សស្របនឹងការងារគ្រប់គ្រងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន។

លោក មួង ធី បានបញ្ជាក់ថា៖ ចំពោះអគ្គិសនីក្រុមការងារបច្ចេកទេស បានរៀបចំរួចរាល់ហើយខណៈការឈូសឆាយដីព្រៃ ក៏បានរួចរាល់ហើយដែរ។ ចំពោះសម្ភារបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) ចំនួន ២គ្រឿង ដែលបានបញ្ជាទិញពីបរទេសនោះ ក៏បានបញ្ជូនមកដល់រួចរាល់ហើយកាលពីពេលថ្មីៗនេះ ប៉ុន្តែការចាប់ដំណើរការនៅពេលណានោះ នៅមិនទាន់ដឹងនៅឡើយទេ តែអាចក្នុងពេលឆាប់ៗនេះ៕


