ព្រឹទ្ធសភា បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ ស្តី​ពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​ហើយ…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែមេសានេះ ​បាន​អនុម័តលើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ហើយ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​វិសាមញ្ញ ​ក្រោម​វត្តមាន​លោក ស៊ឹ​ម កា ប្រធាន​ស្តីទី​ព្រឹទ្ធសភា និងមាន​សមាជិក​ព្រឹទ្ធសភា​ មាន​វត្តមាន​ចំនួន ៥៤​រូប។

អង្គប្រជុំ​ បាន​ដំណើរការ​ដោយ​មាន​របៀបវារៈ​តែ​មួយ គឺ ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន។ សេចក្តីព្រាងច្បាប់​នេះ តាក់តែង​ឡើង​មាន​គោលបំណង​កំណត់​អំពី​បែបបទ​នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ព្រមទាំង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការ​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន ។

សេចក្តីព្រាងច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​នៅ​ពេល​ដែល​ប្រទេស​ជាតិ ​ត្រូវ​បាន​ដាក់​ស្ថិត​ក្នុង​ភាព​អាសន្ន ស្រប​តាម​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ សេចក្តីព្រាងច្បាប់​នេះ មានគុណ​ប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដោយ​បាន​ផ្តល់​​មូលដ្ឋាន​គតិ​យុ​ត្ត​ជាក់លាក់​ដល់​ការ​អនុវត្ត​មាត្រា​២២​ថ្មី មាត្រា​៨៦ មាត្រា​១០២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ តាក់តែង​ឡើង​មាន ០៥​ជំពូក និង​១២​មាត្រា ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១១៥​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃ​ទី​១០​ ខែមេសា ឆ្នាំ​២០២០ នា​សម័យប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៦៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram