ដំណោះស្រាយបន្ទាន់ចំពោះអាជីវករ,ម្ចាស់ផ្សារ២និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅប៉ោយប៉ែត…
បន្ទាយមានជ័យៈមានដំណោះស្រាយបន្ទាន់មួយចំនួនចំពោះអាជីវករ ,ម្ចាស់ផ្សារ២និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។
នៅ ថ្ងៃទី៥ ខែមេសា លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយលោកគាត ហ៊ុល អភិបាលក្រុង និងក្រុមការងារជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យ វាយតម្លៃតាមខ្នងផ្ទះទាំង១៩ បស់បងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះនៅភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងផ្សារ ចំនួន២ផ្សារ ក្នុងភូមិក្បាលស្ពាន១ ត្រូវខ្យល់កន្ត្រាក់រលំបើងដួល ហើយខូចខាតទំនិញផងដែរ ។

លោកអ៊ុ រាត្រី បានឳ្យដឹងថា ដំណោះស្រាយបន្ទាន់នោះគឺបានសម្រួលទីជម្រកស្នាក់នៅជំនួសផ្ទះសម្បែករបសើបងប្អូនប្រជាពលរដ្ឋសិន ។ក្នុងនោះក្រុមការងារក្រុង បានផ្តល់សង្ក័សី ជូនកងកម្លាំងទាំង៣ មានយោធា នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ដើម្បីរៀបចំជួសជុលផ្ទះដែលរងគ្រោះឡើងវិញ លើផ្ទះខូចខាតធ្ងន់/ស្រាល ចំនួន ១៩ខ្នងផ្ទះ និងអស់សង្ក័សី ចំនួន២១៧ សន្លឹក និងឈើមួយចំនួន។
លោកអភិបាលខេត្តឳ្យដឹងដែរថា ដោយឡែកផ្សារចំនួន២ ដែលបងប្អូនអាជីវករលក់ដូរ ខាងម្ចាស់ក្រុមហ៊ុនទាំង២ បាននឹងកំពុងជួសជុលរៀបចំឲ្យបានរឹងមាំឡើងវិញដើម្បីផ្តល់ជូនបងប្អូនអាជីវករលក់ដូរជាធម្មតាដូចដើម ។

ក្នុងនាមអាជ្ញាធរខេត្ត លោកសូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋយើងទាំងឡាយសូមមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាឆ្លៀតតាមដានការជូនដំណឹងឬការព្យាកររបស់ក្រសួងធនធានទឹក និងឧត្តុនិយម ។ក្នុងនោះលើភូមិសាស្ត្រខេត្ត ក៏ទទួលរងបាតុភូតជ្រលងសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ។

សូមរំលឹកថា ភ្លៀងកក់ខែ១មេដ៏ធំ និងមកជាមួយដោយខ្យល់កន្ត្រាក់ដ៏ខ្លាំងកាលពីចន្លោះម៉ោង៤ទៅ៥ល្ងាចកាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០២១ បានបង្ការបើុង ដួលរលំរោងផ្សារដ៏ធំចំនួន២នៅក្បែរកាសុីណូប៉ារ៉ាមែក(Para Max) និងដើមស្រល់នៅភូមិក្បាលស្ពាន១ ។ ទំហំខូចខាតអស់ច្រើនទាំងរោងអគារនិងទំនិញលក់ដូរ ។

ខ្យល់កន្ត្រាក់នោះក៏ធ្វើឳ្យខូចខាតស្រាល ធ្ងន់ផ្ទះពលរដ្ឋចំនួន១៩ខ្នងនៅភូមិក្នាលស្ពាន១និងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ៕





