ប្រេសិតអ.ស.ប ៖ មីយ៉ាន់ម៉ាប្រឈមលទ្ធភាពផ្ទុះសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ ប្រេសិតពិសេសរបស់អ.ស.បប្រចាំប្រទេសមីយ៉ាន់ម៉ាបានព្រមានកាលពី…

ថ្ងៃពុធទី៣១មីនាថា ប្រទេសនេះប្រឈមនឹងលទ្ធភាពផ្ទុះសង្គ្រាមស៊ីវិល “ក្នុងទំហំមិនធ្លាប់មានពីមុនមក” និងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអ.ស.បពិចារណា “លទ្ធភាពធ្វើសកម្មភាពដ៏សំខាន់មួយ” ដើម្បីបដិសេធរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈនិងស្តារប្រជាធិបតេយ្យឡើងវិញ។
លោកស្រី គ្រីស្ទីន ស្រាន័រ បួជេន័រ មិនបានបញ្ជាក់ពីសកម្មភាពអ្វីដែលលោកស្រីចាត់ទុកថាសំខាន់នោះទេប៉ុន្តែលោកស្រីបានគូរវាសរូបភាពដ៏អាក្រក់នៃការបង្ក្រាបរបស់យោធាហើយបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ប្រទេសមីយ៉ាន់ម៉ា “កំពុងឈានទៅរករដ្ឋដែលដួលរលំ”។


លោកស្រីបាននិយាយនៅក្នុងបទបង្ហាញតាមអនឡាញ ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា “រឿងនេះអាចនឹងកើតឡើងក្រោមការឃ្លាំមើលរបស់យើងហើយការខកខានក្នុងការទប់ស្កាត់ការរីករាលដាលនៃអំពើឃោរឃៅនឹងធ្វើឱ្យពិភពលោកខាតបង់យូរអង្វែងជាងការវិនិយោគឥឡូវនេះក្នុងការទប់ស្កាត់ជាពិសេសដោយអ្នកជិតខាងរបស់មីយ៉ាន់ម៉ានិងតំបន់ទាំងមូល”។
លោកស្រីបួជេន័របានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ “ពិចារណាលើរាល់មធ្យោបាយដែលអាចរកបានដើម្បីធ្វើសកម្មភាពរួម” និងធ្វើអ្វីដែលប្រជាជនមីយ៉ាន់ម៉ាសមនឹងទទួលបានដើម្បី”ទប់ស្កាត់មហន្តរាយពហុវិមាត្រនៅក្នុងបេះដូងអាស៊ី”។


អ្នកការទូតក្រុមប្រឹក្សាសន្តិសុខជាច្រើនរូបបាននិយាយក្នុងលក្ខខណ្ឌអនាមិកព្រោះកិច្ចប្រជុំធ្វើឡើងដោយបិទទ្វារ យ៉ាងដូច្នេះថាសេចក្តីថ្លែងការណ៍ព័ត៌មានដែលស្នើឡើងដោយក្រុមប្រឹក្សាសន្តិសុខមិនត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះទេ ព្រោះចិនដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់មីយ៉ាន់ម៉ាបានស្នើសុំពេលវេលាបន្ថែមដើម្បីពិចារណាលើខ្លឹមសាររបស់សេចក្តីថ្លែងការណ៍ដែលទំនងជាបន្លាយពេលដល់ថ្ងៃព្រហស្បតិ៍នេះ។
ឯកអគ្គរដ្ឋទូតចិនលោកចាង ជុនបានព្រមានក្រុមប្រឹក្សាប្រឹក្សាសន្តិសុខនៅក្នុងសុន្ទរកថា ដែលចែកចាយដោយបេសកកម្មចិនប្រចាំអ.ស.ប ថា”ការដាក់សម្ពាធតែម្ខាងនិងការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មឬវិធានការបង្ខិតបង្ខំផ្សេងទៀតនឹងរឹតធ្វើឱ្យមានភាពតានតឹងនិងការប្រឈមមុខកាន់តែធ្ងន់ធ្ងរនិងធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ ដែលមិនមែនជាលក្ខណៈស្ថាបនាទេ”។


លោកបានជំរុញឱ្យគ្រប់ភាគីទាំងអស់ស្វែងរកដំណោះស្រាយតាមរយៈការសន្ទនាដែលបន្ធូរបន្ថយស្ថានការណ៍និងបន្ត “ជំរុញការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា”ដោយព្រមានថាប្រសិនបើប្រទេសនេះធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់យូរត្រាំត្រែង វានឹងក្លាយជាគ្រោះមហន្តរាយសម្រាប់មីយ៉ាន់ម៉ានិងតំបន់ទាំងមូល”៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram