បាតុករមីយ៉ាន់ម៉ា ហៅក្រុមជនជាតិភាគតិចប្រដាប់អាវុធ មករួមប្រយុទ្ធផ្តួលយោធា….
នៅក្នុងលិខិតចំហមួយដែលបង្ហោះលើ Facebook, គណៈកម្មាធិការកូដកម្មជាតិ (GSCN) ដែលជាក្រុមមួយក្នុងចំណោមក្រុមបាតុកម្មសំខាន់ៗ បានជំរុញក្រុមជនជាតិភាគតិចប្រដាប់អាវុធឲ្យរួមគ្នាប្រយុទ្ធការពារប្រជាជន យុវជន ស្ត្រី កុមារនិងមនុស្សចាស់ ប្រឆាំងនឹងច្បាប់យោធា។

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់បាតុករប្រឆាំងរដ្ឋប្រហារម្នាក់ និងធ្វើឲ្យក្មេងតូចម្នាក់រងរបួសនៅក្នុងអំពើហិង្សាថ្មីទៀត ខណៈក្រុមសកម្មជនបានអំពាវនាវដល់ក្រុមជនជាតិភាគតិចប្រដាប់អាវុធនៅក្នុងប្រទេសនេះ ឲ្យមកជួយការតស៊ូរបស់ពួកគេប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។

សាក្សីបាននិយាយថា បន្ទាប់ពីថ្ងៃដ៏បង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុនជាមួយនឹងការស្លាប់មនុស្សចំនួន១១៤នាក់កាលពីថ្ងៃសៅរ៍, កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារនៅក្នុងពិធីបុណ្យសពមួយកាលពីថ្ងៃអាទិត្យ។
មនុស្ស១៣នាក់ទៀតត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុផ្សេងកាលពីចុងសប្តាហ៍។ តួលេខថ្មីនេះបានធ្វើឲ្យចំនួនជនស៊ីវិលសរុប ដែលត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក កើនដល់៤៥៩នាក់។

នៅក្រុង Pathein ក្នុងតំបន់ Ayeyarwaddy, បុរសម្នាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខកាលពីល្ងាចថ្ងៃអាទិត្យ។
ស្របពេលជាមួយគ្នានោះ នៅតំបន់ South Dagon នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម យ៉ាំងហ្គោន ក្មេងតូចអាយុ១ឆ្នាំកន្លះម្នាក់ ត្រូវបានរងគ្រោះដោយគ្រាប់កាំភ្លើង។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើង រវាងកងទ័ពនិងក្រុមជនជាតិភាគតិចប្រដាប់អាវុធមួយចំនួន។

ក្រុមសកម្មជននិងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សប្រហែល៣,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីយន្ដហោះយោធាបានទម្លាក់គ្រាប់បែកលើតំបន់ ដែលគ្រប់គ្រងដោយកងជីវពលសហភាពជាតិការ៉ែន (KNU) នៅជិតព្រំដែន។
ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងផងដែរកាលពីថ្ងៃអាទិត្យ រវាងក្រុមប្រដាប់អាវុធមួយផ្សេងទៀតគឺកងទ័ពឯករាជ្យកាឈីន និងយោធានៅក្នុងតំបន់រ៉ែថ្មខៀវ Hpakant ភាគខាងជើង។ បណ្តាញព័ត៌មាន Kachinwaves បានរាយការណ៍ថា កងកម្លាំងកាឈីនបានវាយប្រហារប៉ុស្តិ៍ប៉ូលិសមួយ ហើយយោធាបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសទេ៕

