ខ្សែការពារ Souttar រងរបួស បានបង្កការលំបាក សម្រាប់ក្រុមអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup
(ស៊ីដនី)៖ ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ទំនងជានឹងគ្មានវត្តមានកីឡាករ Harry Souttar សម្រាប់ការប្រកួតជម្រុះ World Cup នៅសប្តាហ៍ក្រោយ ដែលត្រូវប៉ះនឹងក្រុមចិន នាទីក្រុង Sharjah របស់សហព័ន្ធអារ៉ាប់រួម បន្ទាប់ពីខ្សែការពាររូបនេះ បានរងរបួសហើយត្រូវបានលើកចេញពីទីលាន អំឡុងពេលប្រកួតលទ្ធផលស្មើ០-០ ពេលប្រកួតប៉ះគ្នាជាមួយអារ៉ាប៊ីសាអូឌីត, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ខ្សែការពារផ្នែកកណ្តាល លេងនៅក្លិប Stoke City រូបនេះ, បានដួលនៅលើទីលានពហុកីឡដ្ឋាន Western Sydney នៅក្នុងការឈឺចាប់ បន្ទាប់ពីយកជើងរបស់លោក ទៅទប់នឹងការវាយប្រហារចុងក្រោយ របស់ក្រុមអារ៉ាប៊ីសាអូឌីត។
«ធ្ងន់ធ្ងរខ្លាំងណាស់, ប្រហែលជាលឿនពេក សម្រាប់ខ្ញុំដើម្បីនិយាយច្រើនអំពីវា, គាត់មានការឈឺចាប់យ៉ាងខ្លាំង។ គាត់នឹងត្រូវថតស្កេននៅថ្ងៃស្អែក ប៉ុន្តែខ្ញុំមិនគិតថា គាត់នឹងត្រូវមកសហព័ន្ធអារ៉ាប់រួមនោះទេ», នេះបើតាមសម្តីអ្នកចាត់ការសមាគមបាល់ទាត់អូស្ត្រាលី លោក Graham Arnold បានលើកឡើងអំពីបញ្ហារបួស បន្ទាប់ការប្រកួត។
លោក Arnold បន្ថែមថា «ក្នុងពេលវេលានេះ ខ្ញុំពិតជាមានអារម្មណ៍ថាមិនល្អទេ សម្រាប់កីឡាករ Harry, គាត់គឺជាកីឡាករល្អ ហើយខ្ញុំជឿជាក់ថា គាត់គឺជាខ្សែការពារកណ្តាលដ៏ល្អបំផុត នៅតំបន់អាស៊ី»។
អារ៉ាប៊ីសាអូឌីត កំពុងឈរនៅកំពូលតារាងពូល B នៅពាក់កណ្តាលផ្លូវ នៃវគ្គជម្រុះ World Cup ប្រចាំតំបន់អាស៊ី, ៣ពិន្ទុ នាំមុនអូស្ត្រាលី។ ក្រុមកំពូល២ក្រុម ក្នុងការប្រកួតវគ្គជម្រុះ នឹងឡើងដោយស្វ័យប្រវត្តិ សម្រាប់ការប្រកួតនៅប្រទេសកាតា នាឆ្នាំក្រោយ
៕



