សណ្ឋាគារមេគង្គ ក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ នៃខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ…
កំពង់ចាម: សណ្ឋាគារមេគង្គ ក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាបាលជំងឺកូវីដ ១៩ នៃខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានឈ្មោះថា « មន្ទីរពេទ្យមេគង្គកំពង់ចាម » ចាប់ពីថ្ងៃទី២៩ មីនា តទៅ ខណៈពេលដែល ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម មានសមត្ថភាពផ្ទុកអ្នកជំងឺមួយនេះ ចំនួនជាង ៦០ គ្រែ ដែលបច្ចុប្បន្ន មានកំពុងសម្រាកព្យាបាល ចំនួន ប្រាំពីរ នាក់។

ជាមួយនោះ គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏បាននិងកំពុងរៀបចំបន្ទប់សង្គ្រោះបន្ទាន់ បំពាក់សម្ភារៈជំនួយដកដង្ហើម និងតាមដានសញ្ញាជីវិត ចំនួន ១០ គ្រែ ក្នុងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ ១៩ ខេត្តកំពង់ចាម បន្ថែមទៀត។

មន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងថាៈ នៅព្រឹកថ្ងៃទី២៩ មីនានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីបច្ចេកទេស ចុះពិនិត្យ និងរៀបចំកែលម្អ សណ្ឋាគារមេគង្គ ឱ្យក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជំងឺកូវីដ ១៩ របស់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយមានឈ្មោះថា «មន្ទីរពេទ្យមេគង្គកំពង់ចាម» ចាប់ពីពេលនេះ តទៅ។

លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានប្រាប់ឱ្យដឹង នៅថ្ងៃទី ២៩ មីនាថាៈ ក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម មានគ្រែសម្រាប់ព្យាបាល អ្នកជំងឺកូវី ១៩ សរុបចំនួន ៦២ គ្រែ ដែលបច្ចុប្បន្ន មានអ្នកជំងឺ កំពុងសម្រាកព្យាបាលចំនួន ៧ នាក់ គឺបុរស អាយុ ២៧ ឆ្នាំ មកពីឡឥដ្ឋ ស្រុកកងមាសម្នាក់ ស្ត្រីអាយុ ៤៥ឆ្នាំ មកពីស្រុកបាធាយម្នាក់ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំម្នាក់ និងក្រុមគ្រួសាររបស់មន្ត្រីរូបនេះ ចំនួន ៤នាក់ទៀត។

លោកប្រធានមន្ទីរពេទ្យ ខេត្តកំពង់ចាម បានបន្តថាៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បាននិងកំពុងរៀបចំបន្ទប់សង្គ្រោះបន្ទាន់ ដាច់ដោយឡែក បំពាក់សម្ភារៈ ជំនួយដកដង្ហើម និងតាមដានសញ្ញាជីវិត ចំនួន ១០ គ្រែបន្ថែមទៀត៕




