ដំណឹងល្អចូលឆ្នាំថ្ងៃទី ៣ ! ព្រឹកនេះគ្មានអ្នកឆ្លងកូវីដ១៩ ថ្មីទេ តែមានអ្នកជាសះស្បើយ០៥នាក់ថ្មីទៀត ធ្វើអោយអ្នកជំងឺធ្លាក់មកសល់តែ ២៦នាក់ប៉ុណ្ណោះ
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបានបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយមានចំនួន ០៥នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ៩៦នាក់
ហើយថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដថ្មីនោះទេ។ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ធ្លាក់ចុះមកត្រឹមចំនួន២៦នាក់ នៃអ្នកឆ្លងសរុប១២២នាក់។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស
និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ៕



