ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូចូលទៅកាច់សោ បំរុងលួចយកម៉ូតូ…
ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូចូលទៅកាច់សោ បំរុងលួចយកម៉ូតូរបស់មន្ត្រីយោធាម្នាក់នៅក្នុងបរិវេណផ្ទះជួលមួយកន្លែងកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មីនា ស្ថិតនៅចំណុចភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង តែត្រូវម្ចាស់ផ្ទះជួលឃើញទាន់ក៏ស្រែកផ្អើល ធ្វើឱ្យចោរភ័យរត់ចោលទាំងម៉ូតូរបស់ខ្លួនទាំងឧបករណ៍សម្រាប់កាច់សោម៉ូតូ។

ប្រភពពីកម្លាំងប្រជាការពារបានឲ្យដឹងថា៖ ជនសង្ស័យមានបក្សពួក០២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ស្ពឺ 1H_0646 ។ ប្រភពដដែលបានប្រាប់ថា ជនទាំង០២នាក់នេះ បានជិះចូលទៅខាងក្នុងបរិវេណផ្ទះជួលខាងលើ រួចបានប្រើឧបករណ៍កាច់សោ.ក បំរុងលួចយកម៉ូតូមួយគ្រឿងដែលម្ចាស់ ទុកនៅខាងមុខបន្ទប់ តែត្រូវម្ចាស់ផ្ទះជួលឃើញទាន់ក៏ស្រែកផ្អើល និងដេញចោរទាំង០២នាក់នោះ ធ្វើចោរភ័យស្លន់ស្លោររត់ចោរទាំងម៉ូតូ ទាំងប្រដាប់កាច់សោរនៅជាប់កម៉ូតូជនរងគ្រោះ។
ម្ចាស់ម៉ូតូដែលចោរបំរុងលួច ឈ្មោះ ម៉ឺន សុខន ភេទស្រីអាយុ២៤ឆ្នាំ ជាមន្ត្រីយោធភូមិភាគទី៥ បានស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ។ បើតាមជនរងគ្រោះ ម៉ឺន សុខន បានបំភ្លឺប្រាប់កោះសន្តិភាពថា នៅយប់កើតហេតុនោះ មានមិត្តមកលេងហើយស្នាក់នៅទីនោះមួយ់ ទើបខ្លួនទុកម៉ូតូខាងក្រៅបន្ទប់។ នាងនិយាយថា នៅពេលនោះនាងបានគេងទៅហើយ តែនៅម៉ោងកើតហេតុ ស្រាប់តែម្ចាស់ផ្ទះជួលបានស្រែកចោរៗ ហើយនាងចេញមកមើល ឃើញម្ចាស់ផ្ទះជួលស្រែកបណ្ដើររត់ចេញចោរបណ្ដើរ តែចោរបានរត់ចេញក្រៅរបងបាត់ទៅហើយ បន្សល់ទុកម៉ូតូ១គ្រឿងនិងសម្ភារ:សម្រាប់កាច់សោរកម៉ូតូ។ ម៉ូតូរបស់នាងដែលចោរបំំរុងលួចម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ប៉ៃលិន1C_3747។

សមត្ថកិច្ចនិយាយថា៖ ពួកចោរបានយកប្រដាប់កាច់សោសូកកាច់សោរកម៉ូតូជនងគ្រោះរួចហើយ តែសំណាងល្អម្ចាស់ផ្ទះឃើញទាន់ក៏ស្រែក ធ្វើឱ្យចោរស្លន់ស្លោរត់ចោលម៉ូតូ សូម្បីតែដែកកាច់សោម៉ូតូក៏ដកមិនទាន់ដែរ គឺពួកចោររត់យកតែរួចខ្លួន។ ប៉ុន្តែបើតាមសមត្ថកិច្ចដែលបានស្រង់សំដីសាក្សីថា ក្រោយពួកចោររត់ចោលម៉ូតូ ប៉ុន្មាននាទីក្រោយស្រាប់តែគេឃើញរថយន្តម៉ាកកាមេរីស៊េរីចាស់ (អាហើ) មួយគ្រឿងពាក់ស្លាកលេខ ប៉ៃលិន តែគេឃើញត្រឹនកន្ទុយស្លាកលេខ គឺលេខ៧០ ដែលបើកឆ្វែលមកមើលកន្លែងកើតហេតុជាច្រើនត្រឡប់ ។
ទោះយ៉ាងណា សមត្ថកិច្ចបាននាំយកម៉ូតូជនល្មើសដែលរត់ចោល និងឧបករណ៍នានារបស់ជនល្មើស ដែលសម្រាប់ប្រព្រឹត្តបទល្មើសយកទៅរក្សាទុកនៅធអិការក្រុងបាត់ដំបងហើយ ដើម្បីស្រាវជ្រាវរកម្ចាស់ម៉ូតូនោះ៕
