ឆេះព្រៃ២កន្លែង មិនដឹងមូលហេតុ…
កែប ៖ កម្លាំងនគរបាលខេត្ត ស្រុក និងក្រុង ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអន្តរាគមន៍ចុះជួយពន្លត់ភ្លើងឆេះព្រៃភ្នំចំនួន២កន្លែង ដោយប្រើរថយន្តបាញ់ទឹកពន្លត់ជាច្រើនគ្រឿងនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។

ទាក់ទិននឹងករណីឆេះព្រៃខាងលើ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ភ្លើងបានឆាបឆេះព្រៃចំនួន២កន្លែងផ្សេងគ្នា ដោយមួយកន្លែងកើតឡើងនៅចំណុចជើងភ្នំអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងមួយកន្លែងទៀត នៅចំណុចដីឡូតិ៍មួយកន្លែងផ្លូវឡើងបឹងហ្គាឡូកែបលុច្ស ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ប្រភពដដែលបានបញ្ជាក់ទៀតថា ហេតុការណ៍ទាំង២លើកខាងលើនេះ កម្លាំងនគរបាលយើងគ្រប់គ្រងស្ថានភាពបាន១០០% និងពន្លត់ភ្លើងឆេះព្រៃរលត់ទាំងស្រុង ដោយមិនបណ្តាលឲ្យឆេះរាលដាលប៉ះពាល់ដល់ដំណាំ ឬលំនៅឋានប្រជាពលរដ្ឋនោះឡើយ។
អាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យ ព្រោះខណៈនេះជារដូវក្តៅ ពិសេសកុំបោះកន្ទុយបារីចោល និងបំពក់ភ្នក់ ដុតទៀន ធូបដោយគ្មានមនុស្សនៅឲ្យសោះ៕





