សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្ត្រីមីយ៉ាន់ម៉ា១១ រូបជុំវិញរដ្ឋប្រហារនិងការបង្ក្រាប…

សហភាពអឺរ៉ុបនិងសហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទទី២២មីនាលើមន្ត្រីមីយ៉ាន់ម៉ាមួយចំនួនដែលត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងរដ្ឋប្រហារយោធារបស់ប្រទេសនេះនិងការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមបាតុករ។


សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីចំនួន ១១ រូបរួមទាំងមន្ត្រីយោធាកំពូលៗចំនួន ១០ នាក់។ មន្ត្រីភាគច្រើនត្រូវបានដាក់ទណ្ឌកម្មរួចហើយដោយរដ្ឋបាលអាម៉េរិករបស់លោកបៃដិនខណៈតម្រង់គោលដៅទៅលើមន្ត្រីជាន់ខ្ពស់ពីររូបរួមទាំងអគ្គស្នងការប៉ូលិសជាតិនិងអង្គភាពយោធាចំនួនពីរ ដែលចូលរួមក្នុងការបង្ក្រាបបាតុកម្ម។គោលដៅចំនួន១០ ក្នុងចំណោមគោលដៅ ១១ ដែលត្រូវបានបង្កកទ្រព្យសម្បត្តិនិងហាមឃាត់ការធ្វើដំណើរដោយសហភាពអឺរ៉ុបគឺជាសមាជិកជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។ សេចក្តីថ្លែងការណ៍រួមរបស់ប្លុកនេះបាននិយាយថា អគ្គមេបញ្ជាការ មីន អ៊ុងហ្លាំង និងអគ្គមេបញ្ជាការរងលោក សូ វីន ក៏ជាប់ក្នុងគោលដៅនេះដែរ។ មនុស្សទី ១១ដែលរងទណ្ឌកម្មគឺជាប្រធានគណៈកម្មាធិការបោះឆ្នោតដែលបានលុបចោលការបោះឆ្នោតកាលពីឆ្នាំមុន។ នៅក្នុងសកម្មភាពដាច់ដោយឡែកមួយទៀតប៉ុន្តែមានការសម្របសម្រួលគ្នា ក្រសួងរតនាគារអាម៉េរិកបានដាក់ទណ្ឌកម្មលើមេប៉ូលិសលោក ថន ហ្លាំងនិងមេបញ្ជាការការិយាល័យប្រតិបត្តិការពិសេសលោកឧត្តមសេនីយ៍ឯក អ៊ុង សូ រួមជាមួយអង្គភាពយោធាចំនួនពីរ។ ក្រសួងការបរទេសអាម៉េរិកនិយាយថា”ការដាក់ទណ្ឌទាំងនេះបង្ហាញថាអំពើហិង្សានឹងមិនត្រូវបានមើលរំលងដោយគ្មានការឆ្លើយតបនោះឡើយ”៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram