រថយន្តព្រូសមួយគ្រឿងបែកកង់មុខ រេចង្កូតទៅបុករថយន្តកាមរីហាយព្រីត…

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នបានបែកកង់មុខរេចង្កូតទៅបុករថយន្តកាមរីហាយព្រីតចតនៅលើចិញ្ចើមផ្លូវចំពីចំហៀងខាងក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តហាយព្រីតរងការខូចខាត។ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរកើតឡើងនៅវេលាម៉ោង១១និង ៣០ នាទីយប់ថ្ងៃសុក្រទី ១៩ ខែមីនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៦ កែងនឹងផ្លូវ៥១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីហាយព្រីតមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2-AN 1149 ចតចោលនៅលើចិញ្ចើមផ្លូវ ១០៦ ភ្លាមនោះដែរស្រាប់តែមានរថយន្តម៉ាកព្រូសមួយគ្រឿងទៀតពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2-BA 2976 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០៦ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានបែកកង់មុខរេចង្កូតទៅបុកពីចំហៀងស្តាំខាងក្រោយរថយន្តហាយព្រីតបណ្តាលឲ្យរងការខូចខាត។ ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់រួចឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នា ដោយភាគីបង្កព្រមសងជាសំណងក្នុងការជួសជុលទៅលើរថយន្តរងគ្រោះបញ្ចប់រឿង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram