សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ១៩…

ខេត្តបន្ទាយមានជ័យ ម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះប៉ោសេងថតរូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើសន្យាអប់រំណែនាំក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។


ដោយមានការចង្អុលបង្ហាញ និងណែនាំពី លោក ឧសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជា លោកឧត្តមសេនីយ៏ស្នងការរងផែនសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ ប៉ោសេង ថតរូប ដែលបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-១៩ មានខ្លឹមសារថា នៅភូមិដុងអារ័ញ្ញ សូមបងប្អូនប្រុងប្រយ័ត្ននិងការពារទាំងអស់គ្នាដោយមានភ្ជាប់ជាមួយនៅរូបភាពរបស់ក្រុមគ្រូពេទ្យ និងឡានពេទ្យទៀតផង ដែលទង្វើនេះបានបង្កឲ្យមានភាពចលាចល និងអសន្តិសុខ ដល់សង្គមជាតិ។


ក្រោយពីការិយាល័យជំនាញធ្វើការស្រាវ ជាលទ្ធផលឃើញថា ម្ចាស់អាខោនខាងលើមានឈ្មោះ វ៉ា ប៉ោសេង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនហើយបញ្ជូនមកស្នងការដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram