ម្ចាស់នៅក្នុងបន្ទប់ហើយហ៊ានចូលលួចទ្រព្យសម្បត្តិ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ខណៈកំពុងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឃើញទ្វារបន្ទប់ជួលរបស់គេបើកចំហហើយម្ចាស់ដេកលក់នៅខាងក៏យកឱកាសល្អនេះចូលទៅរើកកាយរកលុយនិងរបស់ទ្រព្យល្អៗ តែជាសំណាងអាក្រក់ម្ចាស់បន្ទប់ភ្ញាក់ទាន់ក៏ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្ទះមួយកន្លែងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពេជ្រ អាយុ១៨ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលកើតហេតុម្ចាស់បន្ទប់បានសម្រាកនៅក្នុងបន្ទប់ជួលតែបើកទ្វារចំហ។បន្ទាប់មកក៏មានជនសង្ស័យម្នាក់ដើរកាត់មុខបន្ទប់ឃើញទ្វារចំហហើយម្ចាស់ក៏ដេកលង់លក់ទៀតឆ្លៀតឱកាសល្អក៏ចូលទៅក្នុងបំណងលួចទ្រព្យសម្បត្តិ ខណៈកំពុងរើកកាយម្ចាស់បន្ទប់ភ្ញាក់ទាន់ក៏ឃាត់ខ្លួនជនសង្ស័យតែម្តង រួចប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់៕





