រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងទាំងសងខាង…
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ មិនដឹងថា បង្កគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងណានោះទេ បានជាបើករត់ទាំងខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងទាំងសងខាង ហើយយករថយន្តមកចតប្លុងចោលតាមបណ្តោយផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។
ប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា៖ មុនពេលកើតហេតុ ប្រជាពលរដ្ឋបានប្រទះឃើញរថយន្តបង្កមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ3699 ហើយមិនដឹងថារថយន្តហាយឡែនឌ័រខាងលើនេះ បានបុកប៉ះពារមកពីណានោះទេ បានជាឃើញស្ថានភាពខូចខាតខ្ទេចអស់មួយកំណាត់មុខ និងផ្ទុះពោងទាំងសងខាង ថែមទាំងខ្ទេចគូទក្រោយផ្នែកខាងឆ្វេង ចំណែកឯអ្នកបើកបរវិញ មិនដឹងថារត់គេចទៅណានោះទេ ដោយបន្សល់ទុកតែរថយន្តចតតាមផ្លូវតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុខាងលើនេះ រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការស្ទូចយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំជាបន្តទៅទៀត ៕






