កូរ៉េផ្តល់កូតាដល់ពលករកម្ពុជាជាង៣ពាន់នាក់សម្រាប់ឆមាសទី១…
ភ្នំពេញ ៖ ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េបានផ្តល់កូតាដល់ពលករកម្ពុជាសម្រាប់ឆមាសទី១ ឆ្នាំ២០២១ចំនួន ៣,៤០៤នាក់ទៅលើវិស័យឧស្សាហកម្មហើយបានសន្យាថានឹងបន្តផ្តល់កូតាបន្ថែមទៀតនៅឆមាសទី២ប្រសិនបើស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា៖ បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ភាគរយ សម្រាប់ឆមាសទី១ ឆ្នាំ២០២១ទៅលើវិស័យឧស្សាហកម្មចំនួន ៣,៤០៤នាក់ ហើយ សម្រាប់ឆមាសទី២ឆ្នាំ២០២១ កម្ពុជា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។ក្រសួងបានបន្តថា៖ ដោយឡែក ចំនួនពលករដែលត្រូវបានអនុញ្ញាតដាក់ចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើក្នុងឆ្នាំ២០២១ មានចំនួនសរុប ២២,៦៩៧ ក្នុងនោះ វិស័យឧស្សាហកម្ម ចំនួន ១៦,២៦១នាក់; វិស័យកសិកម្ម&ចិញ្ចឹមសត្វ ចំនួន ៥,៧៧៨នាក់ និង វិស័យសំណង់ ចំនួន ៦៥៨នាក់។
ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើង។
ក្នុងចំណោមពលករបរទេសធ្វើការនៅកូរ៉េខាងត្បូងចំនួន១៦ប្រទេស ពលករខ្មែរត្រូវបាននិយោជកកូរ៉េមានការកោតសរសើរថា មានចរិតស្លូតបូត រួសរាយរាក់ទាក់ឧស្សាហ៍ព្យាយាមក្នុងបំពេញការងារដែលធ្វើឲ្យនិយោជកកូរ៉េទទួលយកពលករខ្មែរជាបន្តបន្ទាប់ទៀត។គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះកម្ពុជាមានពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៤ម៉ឺន៥ពាន់នាក់ដោយធ្វើការទៅលើវិស័យឧស្សាហកម្ម កសិកម្មនិងសំណង់ដែលបានជួយលើកស្ទួយដល់ជីវភាពគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរផងដែរ៕
