លោកស្រី ឱ វណ្ណឌីន៖ អ្នកជំងឺកូវីដ១៩ដែលបាន .ស្លា .ប់ .មានបញ្ហារលាកសួតធ្ងន់ធ្ងរទាំងសងខាង…
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បុរសដែលបាន .ស្លា .ប់ .ដោយសារជំងឺកូវីដ១៩ មានបញ្ហាសួតយ៉ាងធ្ងន់ធ្ងរ ដែលទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពយ៉ាងណា ក៏មិនអាចព្យាបាលគាត់បាននោះដែរ។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា យោងតាមការថតសួតរបស់អ្នកជំងឺនោះ គាត់មានបញ្ហារលាកសួតធ្ងន់ធ្ងរទាំងសងខាង ធ្វើឱ្យគាត់ខ្វះនូវអុកស៊ីសែនដើម្បីដកដង្ហើម។ ប៉ុន្តែក្រុមគ្រូពេទ្យ បានខិតខំគាំពារអស់ពីលទ្ធភាព ហើយស្ថានភាពជំងឺក៏កាន់តែវិវឌ្ឍធ្ងន់ធ្ងរទៅៗ។ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ ក៏បានពិនិត្យឃើញថា មានតម្រូវការជួយដោយម៉ាស៊ីនជំនួយផ្លូវដង្ហើម ដើម្បីឱ្យមានអុកស៊ីសែនសម្រាប់ដកដង្ហើម។

លោកស្រីបានបន្តទៀតថា ថ្វីត្បិតតែយើងប្រើប្រាស់អស់ពីលទ្ធភាពក៏ពិតមែន ក៏ស្ថានភាពនៃការវាយលុករបស់កូវីដ១៩ វាលឿន ដែលធ្វើឱ្យសរីរាង្គគាត់ទ្រាំទ្រមិនបាន ធ្ងើឱ្យមានភាពធ្ងន់ធ្ងរនៅលើសួតទាំងសងខាង។ ក្រសួងសុខាភិបាល ពិតជាមានការសោកស្ដាយ និងចូលរួមមរណទុក្ខ ជូនទៅដល់ក្រុមគ្រួសារសពរបស់បុរសអាយុ ៥០ឆ្នាំ ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី១១ ខែមីនានេះ៕
