នាវាពិឃាដរបស់អាម៉េរិកបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្រោយឧត្តមនាវីម្នាក់ព្រមានអំពីការលុកលុយរបស់ចិនលើកោះតៃវ៉ាន់….
កងទ័ពជើងទឹកអាម៉េរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១១ មីនាថា នាវាចម្បាំងអាម៉េរិកមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់គឺមួយថ្ងៃបន្ទាប់ពីមេបញ្ជាការកំពូលអាម៉េរិកគឺឧត្តមនាវី ហ្វីលីព ដេវីដសុន ព្រមានអំពីការគំរាមកំហែងឈ្លានពានកោះតៃវ៉ាន់ពីសំណាក់ចិនក្នុងរយៈពេល ៦ ឆ្នាំទៀត។
កងនាវាទី៧របស់អាម៉េរិកនិយាយថា នាវាពិឃាដបំពាក់មីស៊ីលប្រភេទ Arleigh Burke-class របស់អាម៉េរិកឈ្មោះ USS John Finnបានរៀបចំការបើកឆ្លងកាត់ជាប្រចាំកាលពីថ្ងៃពុធតាមផ្លូវទឹកដែលបែងចែកចិនដីគោកនិងកោះតៃវ៉ាន់។

កងនាវានេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើដំណើរបែបនេះជាលើកទីបីចាប់តាំងពីប្រធានាធិបតីអាម៉េរិកចូ បៃដិនឡើងកាន់អំណាច”គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរីនិងបើកទូលាយ”។
នាវាចម្បាំងអាម៉េរិកធ្វើសមយុទ្ធនាវាចរណ៍ម្តងម្កាលនៅតាមច្រកសមុទ្រនេះ ដែលជារឿយៗបង្កឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បាពីប៉េកាំង ដែលអះអាងថាកោះតៃវ៉ាន់និងដែនទឹកព័ទ្ធជុំវិញជាដែនដីរបស់ខ្លួន តែសហរដ្ឋអាម៉េរិកនិងប្រទេសជាច្រើនទៀតមើលឃើញផ្លូវទឹកនេះជាដែនទឹកអន្តរជាតិបើកចំហសម្រាប់គ្រប់គ្នា៕
