លោក Zelensky ទទួលស្គាល់ថា សមាជិកភាពអ៊ុយក្រែនក្នុងសម្ព័ន្ធយោធា NATO «មិនអាចទៅរួចទេ» លុះត្រាតែសង្គ្រាមបានបញ្ចប់ …

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកដឹងច្បាស់ថា «វាមិនអាចទៅរួចទេ» សម្រាប់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការ NATO ខណៈដែលប្រទេសរបស់លោក កំពុងមានសង្គ្រាមជាមួយរុស្ស៉ីដូច្នេះនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣។
លោក Zelensky បានជំរុញ និងដាក់សម្ពាធចង់ឱ្យប្រទេសអ៊ុយក្រែន ចូលជាសមាជិកក្នុងសម្ព័ន្ធភាពយោធា NATO ប៉ុន្តែសមាជិកក្រុមនេះមានភាពស្ទាក់ស្ទើថា តើគួរឱ្យវាកើតឡើងលឿនប៉ុណ្ណា។ រដ្ឋាភិបាលលោកខាងលិចព្រួយបារម្ភអំពីវិធានការណាមួយ ដែលអាចនាំសម្ព័ន្ធ NATO កាន់តែខិតទៅជិតសង្រ្គាមជាមួយរុស្ស៊ីដោយផ្ទាល់។
នៅក្នុងសន្និសីទរួមមួយនៅរដ្ឋធានីអ៊ុយក្រែន ជាមួយប្រធានាធិបតីអេស្តូនី លោក Zelensky បាននិយាយថា ការចូលរួមក្នុងសម្ព័ន្ធយោធានៅតែជាការធានាសន្តិសុខដ៏ល្អបំផុតសម្រាប់ទីក្រុងកៀវ។
ទោះជាយ៉ាងណា លោកបានបន្ថែមថា «ប៉ុន្តែយើងជាមនុស្សមានភាពគ្រប់គ្រាន់ ហើយយើងដឹងថា យើងនឹងមិនអូសប្រទេសណាតូឱ្យចូលទៅក្នុងសង្រ្គាមឡើយ…ដូច្នេះហើយទើបយើងយល់ថា យើងនឹងមិនក្លាយជាសមាជិកណាតូ ខណៈសង្គ្រាមនេះកំពុងបន្តទេ។ មិនមែនដោយសារយើងមិនចង់ទេ ប៉ុន្តែព្រោះវាមិនអាចទៅរួចទេ»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram