របបយោធាមីយ៉ាន់ម៉ាស្នើកងកម្លាំងកុំឲ្យប្រើគ្រាប់កាំភ្លើងពិតទៅលើក្រុមអ្នកតវ៉ា…

យោធារបស់ប្រទេសមីយ៉ាន់ម៉ាបានស្នើកងកម្លាំងសន្តិសុខដែលទទួលខុសត្រូវចំពោះការវាយប្រហារដ៏បង្ហូរឈាមទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារកាលពីចុងសប្តាហ៍នោះកុំឲ្យប្រើគ្រាប់កាំភ្លើងពិត ខណៈដែលការថ្កោលទោសរបស់អន្តរជាតិកំពុងតែកើនឡើង។


ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងការផ្សាយក្នុងទូរទស្សន៍របស់យោធាបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបានជួបការបង្ហូរឈាមខ្លាំងបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដោយអង្គការសហប្រជាជាតិបានប្រកាសថា ក្រុមបាតុករយ៉ាងហោចណាស់ ១៨នាក់ត្រូវបានសម្លាប់ និង ៣០នាក់ផ្សេងទៀតបានរងរបួស ។
យោធាមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមបាតុករជាង ១ពាន់៣រយនាក់ហើយត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មទូទាំងប្រទេសកន្លងមក។


រលកថ្មីនៃការតវ៉ាបានចាប់ផ្តើមនៅថ្ងៃអង្គារនេះបន្ទាប់ពីតុលាការមីយ៉ាន់ម៉ាបានបប្ថែមការចោទប្រកាន់ចំនួន ២ករណីទៀតប្រឆាំងនឹងមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលនេះអាចធ្វេីឲ្យលោកស្រីជាប់ពន្ធនាគារកាន់តែយូរ។


ចំនួនអ្នកស្លាប់ដែលកំពុងកើនឡើងអាចនឹងបង្កើនសម្ពាធដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកឲ្យចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ាដែលបានបដិសេធមិនទទួលស្គាល់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សនយោបាយរបស់ លោកស្រី ស៊ូជី ក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា។


ការអំពាវនាវមិនឲ្យប្រើគ្រាប់កាំភ្លើងពិតនេះបានកើតឡើងស្របពេលដែលរដ្ឋមន្រ្តីការបរទេសនៅក្នុងសមាគមអាស៊ានដែលមានសមាជិក ១០ប្រទេសបានត្រៀមបើកកិច្ចប្រជុំក្រៅផ្លូវការមួយនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាលើកដំបូងចាប់តាំងពីមានរដ្ឋប្រហារមក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram