ជនសង្ស័យពីរនាក់ ត្រូវអាវុធហត្ថបង្ក្រាប…
តាកែវ ៖ ជនសង្ស័យចែកចាយគ្រឿងញៀនប្រុសស្រី២នាក់ ជាមួយនឹងគ្រឿងញៀនជាង១គីឡូក្រាម ត្រូវអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួនបាននៅទីតាំង២ផ្សេងគ្នាហើយត្រូវបង្ហាញខ្លួននៅបញ្ជាការដ្ឋាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា៖ នៅ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ រូបលោករួមជាមួយកងកម្លាំងបានទទួលព័ត៌មានថា មានសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ក៏បានចុះទៅ ភ្លាមៗ ដោយឃើញមានសកម្មភាពចែកចាយគ្រឿងញៀនដែលជាបទល្មើសជាក់ស្តែងកំពុងចែកចាយនៅខាងក្រោយផ្ទះសំបុកត្រចៀកកម្មដែលគេទុកចោល នៅភូមិឃុំខាងលើនាវេលាម៉ោង ១១និង៣០នាទី នៅភូមិឃុំខាងលើប្រាកដមែន ក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ហេង លឹមគន់ ភេទប្រុស អាយុ២៣ឆ្នាំ រួមជាមួយនឹងសាធាតុញៀនចំនួន១១៣,៥៦ក្រាម និងជញ្ជីងម០១ ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានបន្តថា៖ ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានធ្វើការសួរនាំរកមេក្លោង ក៏បន្តយន្តការពន្លៀនលើការបង្ក្រាបមុខសញ្ញាជាមេក្លោងចែកចាយគ្រឿងញៀនក្នុងថ្ងៃដដែលបន្តទៀត ដោយសុំសហការជាមួយនឹងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតឈានទៅដល់ការចាប់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនបានម្នាក់ទៀត មានឈ្មោះ ស្រ៊ុន ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ នៅចំណុចខាងមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយដកហូតបានម្ស៉ៅក្រាមសរថ្លាមានទម្ងន់ ១៣៩៧,៩២ក្រាម ជញ្ជីងមួយ និងទូរសព្ទដៃមួយគ្រឿង។

បច្ចុប្បន្ននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសួរនាំបន្ថែមពីកងកម្លាំងរាជអាវុធហត្ថខេត្តតាកែវ និងបានកសាងសំណុំរឿងបន្តដើម្បីចាត់ការតាមនីតិវិធី៕
