ក្រសួងបរិស្ថានអំពាវនាវដល់អ្នកប្រើប្រាស់ទឺកលក្ខណៈអាជីវកម្មផ្តល់វិភាគទានឬបង់ពន្ធសម្រាប់យកថវិការការពារដល់ប្រព័ន្ធទេកូឡូស៊ីនៅឧទ្យានជាតិភ្នំគូលែន…

ខេត្តសៀមរាប៖ក្រសួងបរិស្ថានបានអំពាវនាវនិងលើកទឹកចិត្តចំពោះអ្នកប្រើប្រាស់ទឹកក្នុងបរិមាណច្រើន (អាជីវកម្ម)ផ្តល់វិភាគទានស្ម័គ្រចិត្ត ឬអាចបង់ពន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយ ដើម្បីយកថវិកានេះមកប្រើប្រាស់លើការងារការពារប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែន ដែលជាអាងទឹកធម្មជាតិដ៏ធំសម្រាប់អ្នកខេត្តសៀមរាម។នេះជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី១៩ ខែធ្នូ ពីលើខ្នងភ្នំគូលែនជាទីដែលលោកបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មានស្វែងយល់ពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី(PES)និងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនតាមរយៈអ្នកសារព័ត៌មាន។


គម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភី អ៊ី អេស (PES) ដែលជាយន្តការ ហិរញ្ញវត្ថុសំដៅដល់«អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ីដើម្បីធានាដល់និរន្តរភាពនៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ។
លោករដ្ឋលេខាធិការថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យនិងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធនិងរៀបចំគោលនយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះដើម្បីរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។


បើតាមលោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន និងអ្នកពាក់ពន្ធជាពិសេសថា្នក់ក្រោមជាតិដែលជាអ្នកអនុវត្ត PES ថ្នាក់ខេត្ត បានសម្រេចលើយន្តការនៃការអនុត្ត និងកៀរគរថវិកាដោយជ្រើសយកជម្រើសសមស្របដែលបានសម្រេចឱ្យអនុវត្ត PES នៅភ្នំគូលែនគឺ៖ ១. ការរួមវិភាគទានដោយស្ម័គ្រចិត្តពីអ្នកប្រើប្រាស់ទឹកក្នុងបរិមាណច្រើន(អាជីវកម្ម) ២.ការបង់ព័ន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយ។ ថវិកាដែលទទួលបានពីការអនុវត្តនេះនឹងត្រូវចូលទៅក្នុងមូលនិធិបរិស្ថាននិងសង្គមដែលគ្រប់គ្រងដោយ ក្រសួងបរិស្ថានដើម្បីអាចប្រើប្រាស់ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីននៅភ្នំគូលែន។ ឧទ្យានជាតិភ្នំគូលែននៅ ខេត្តសៀមរាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយក្នុងខេត្តព្រះសីហនុគឺជាទីតាំង ២ ដែលរាជរដ្ឋាភិ បាលសម្រេចយកដើម្បីអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី។ គួរបញ្ជាក់ថាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទមានដូចជា សំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ ប្រព័ន្ធទឹកធម្មជាតិ និងសហគមន៍។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ”ភ្នំគូលែន” មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកសាប និងទឹក្រោមដីសម្រាប់ក្រុងសៀមរាប ជាពិសេសផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទបុរាណដែលភាគច្រើនសាងសង់លើទម្រដីខ្សាច់។ នៅឧទ្យានជាតិ ជ័យវរ្ម័ន នរោត្តមភ្នំគូលែនមានផ្ទៃដីទំហំ ៣៧ ៣៧៣ ហិកតាមានប្រភពទឹកធំៗប្រមាណ ៥០ កន្លែង និងមានអាងស្តុកទឹកធំៗជាង ១០ដែលមានទីតាំងនៅចំកណ្តាលខេត្តសៀមរាប និងមានតួនាទីជាអ្នកផ្គត់ផ្គង់ ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងខេត្ត។


ជាមួយគ្នានេះ លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា តាមការសិក្សា ជាក់ស្តែងទាំងម្ចាស់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋធម្មតារស់នៅក្នុងក្រុងសៀមរាបត្រូវពឹងផ្អែកលើទឹកក្រោមដីប្រមាណ ៨០ភាគរយ ហើយ ២០ភាគរយ ទៀតផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្ត ហើយការប្រើប្រាស់ទឹកក្រោមដីយ៉ាងខ្លាំងក្លាបែបនេះបានធ្វើឱ្យបរិមាណទឹកក្រោមដី មានការថយចុះ ដែលធ្វើឱ្យការជីកអណ្តូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែជ្រៅទៅៗ។

តាមជំនឿ ទឹកពីភ្នំគូលែន គឺជាទឹកអម្រឹត ហើយការសិក្សាបែបវិទ្យាសាស្ត្រមួយចំនួនក៏បានបង្ហាញថា ទឹកពីភ្នំគូលែនគឺជាទឹកដែលមានគុណភាពល្អសម្រាប់ប្រើប្រាស់របស់មនុស្សផងដែរ។
លោក នេត្រភក្ត្រាបានសង្កត់ធ្ងន់ថាដើម្បីឱ្យមាននិរន្តរភាពសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅឧទ្យានជាតិភ្នំគូលែន ជាពិសេសទឹកដែលមានប្រភពពីភ្នំគូលែន ចាំបាច់ត្រូវការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីភ្នំគូលែន ដូចជាការទប់ស្កាត់ការបាត់បង់ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិដែលបាត់បង់និងខូចមុខងារ ទប់ស្កាត់ការបំពុលទឹកក្នុងស្ទឹង និងទឹកក្រោមដី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram