ជួសជុលផ្លូវ៧ខ្សែក្នុងខណ្ឌទួលគោកដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង…
រាជធានីភ្នំពេញ៖ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឲ្យដឹងថាផ្លូវលេខ២៨៥ មានប្រវែង៤៩០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះ តភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្នុងចំណោមផ្លូវទាំង៧ខ្សែក្នុងខណ្ឌដែល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសំរេចឲ្យធ្វើការ ជួសជុលកែលំអរឡើងវិញជាបន្ទាន់ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក លោកឯក ឃុនដឿន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឃួង ស្រេង ដែលបានអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។

លោកឯក ឃុនដឿន បានឱ្យដឹងទៀតថា ផ្លូវលេខ២៨៥ដែលត្រូវធ្វើ ការជួសជុលនាពេលនេះ គឺយើងកាយគ្រឹះចាស់ដែលខូចចេញ ធ្វើគ្រឹះជាថ្មីមុននឹងអ៊ុតកៅស៊ូទៅតាមស្តង់ដារបច្ចេកទេស។ លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការ ជួសជុលនេះ ឱ្យមានការចូលរួមសហការអ្វីដែលមានផលប៉ះពាល់ទៅលើផ្លូវ និង ចិញ្ចើមផ្លូវ សុំបងប្អូនរំកិលចូលក្នុងឲ្យផុតទុកលទ្ធភាពឲ្យដំណើរការការដ្ឋាន ប្រព្រឹត្តទៅដោយរលូននិងបានរួចរាល់តាមការគ្រោងទុក។ម្យ៉ាងទៀតកំណាត់ផ្លូវ នេះក៏ជាផ្លូវសំខាន់ក្នុងការរំដោះចរាចរពីផ្លូវលេខ៧០(ទំនប់ទួលគោក)និងផ្លូវតំបន់អភិវឌ្ឍន៏បឹងកក់ផងដែរ។

លោកឯក ឃុនដឿន ក៏បានសុំការយោគយល់ពី សំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរចំពោះការបិទផ្លូវនៅទីតាំងជួសជុលផ្លូវ រយៈពេលពេលខ្លីដើម្បីឲ្យគ្រឿងចក្រងាយស្រួលក្នុងចលត័គៀរឬកាយដី៕








