កម្ពុជាតម្រូវឲ្យមន្រ្តីការទូត បុគ្គលិកអង្គការអន្តរជាតិធ្វើចត្តាឡីស័ក១៤ថ្ងៃពេញលេញ…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសកែសម្រួលការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A) ។


សេចក្ដីប្រកាសនៅថ្ងៃទី១៩ ធ្នូនេះ បានបញ្ជាក់ថា អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A) ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ដោយប្រទេសសាមី បញ្ជាក់ថាគ្មានកូវីដ-១៩ មានសុពលភាពរយៈពេល៧២ម៉ោង មុនពេលចេញដំណើរ ។ក្រសួងបានបញ្ជាក់ថា នៅពេលមកដល់កម្ពុជា អ្នកទាំងនោះ ត្រូវឆ្លងកាត់ការយកសំណាកទៅធ្វើតេស្តដោយក្រុមគ្រូពេទ្យកម្ពុជានិងត្រូវ ធ្វើចត្តាឡីស័ក១៤ថ្ងៃ ឲ្យបានពេញលេញ ។ ក្នុងការករណីមានអ្នកដំណើរណាម្នាក់ ធ្វើតេសត្តវិជ្ជមានកូវីដ-១៩ ក្រសួង នឹងបញ្ជូនអ្នកវិជ្ជមាននោះ ទៅមន្ទីរពេទ្យតាមការកំណត់របស់ក្រសួង។ក្រសួងសុខាភិបាលកម្ពុជា បានពន្យល់ថា ចំពោះការ

ធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេញលេញ អាចធ្វើនៅនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់ដោយឡែក ។ សេចក្ដីប្រកាសដដែលបញ្ជាក់ថា ក្នុងការករណីអ្នកការទូតដែលមិនស្នាក់នៅក្នុងនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់ដោយឡែក ត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគារ Himawari និងស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថានទូត អង្គការអន្តរជាតិសាមី និងមន្ត្រីសុខាភិបាល ដោយការចំណាយជាបន្ទុករបស់សាមីខ្លួន។ការកែសម្រួលវិធានការរបស់ក្រសួងសុខាភិបាលនាពេលនេះ បន្ទាប់ទទួលបានចំណារពី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។កម្ពុជាទើបប្រកាសកែសម្រួលរយៈពេលធ្វើចត្តាឡីស័ក លើធុរជន និងអ្នកបច្ចេកទេសជនជាតិបរទេសដែលចូលកម្ពុជាពីរយៈពេល២ថ្ងៃ ទៅ១៤ថ្ងៃវិញ ដើម្បីទប់ស្កាត់នាំចូលកូវីដ១៩ពីក្រៅមកកម្ពុជា ។

គិតត្រឹមថ្ងៃទី១៩ធ្នូ កម្ពុជាមានអ្នកបានឆ្លងកូវីដ-១៩ សរុប ៣៦២ករណី ក្នុងនោះសះស្បើយអស់ ៣៤៥នាក់ មានអ្នកជំងឺ ១៣នាក់កំពុងសម្រាក់ព្យាបាល ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram