រថយន្តក្រឡុកសុីម៉ងត៍បើកឆ្លងផ្លូវ ត្រូវម៉ូតូMSXបុក…

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ បន្ទាប់ពីមានរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងបើកឆ្លងផ្លូវ ត្រូវម៉ូតូMSXបុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវសេះសរ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តក្រឡុកសុីម៉ងត៍ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A -2218ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងទៅផ្លូវសេះសរ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-8654 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ វេងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍ពីចំហៀងក្បាលរថយន្តខាងស្ដាំពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។


ក្រោយកើតហេតុ ជនរងគ្រោះភាគីខាងម៉ូតូត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកតៃកុងរថយន្តក្រឡុកសុីម៉ងត៍ក៏ចុះពីលើរថយន្តគេចខ្លួនបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram