សម្ដេចតេជោ៖ បេសកម្មអ្នកសារព័ត៌មាន ពិតជាមាន សារសំខាន់ ក្នុងការចូលរួមលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ…..
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បេសកកម្ម អ្នកសារព័ត៌មានពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុ ស្ស ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ជាពិសេស ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាពេលបច្ចុប្បន្ន។

តាមរយៈសារលិខិតក្នុងឱកាស «ទិវាវិទ្យុពិភពលោក» លើកទី១០ ចេញផ្សាយនាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ បានកោតសរសើរដោយស្មោះចំពោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអ ស់និយាយជារួម និងនិយាយដោយឡែកចំពោះ អ្នកសារព័ត៌មានដែលបំពេញការងារ នៅក្នុងស្ថាប័នវិទ្យុផ្សាយសំឡេង ទាំងស្ថាប័នរដ្ឋ និងឯកជននៅកម្ពុជា ដែលបានខិតខំពុះពាររាល់ឧបសគ្គ និងការលំបាកក្នុងការបំពេញការងាររបស់ខ្លួន ផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ព្រមទាំង បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់ដំណាក់កាលក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋបានដឹងនិង ស្វែងយល់អំពីសភាពការណ៍ពិតនៅ កម្ពុជា សភាពការណ៍ប្រែប្រួលនៅលើសកលលោក។

សម្ដេចតេជោ មានប្រសាសន៍ថា៖ «មួយវិញទៀត ស្ថាប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាស្ថាប័នសារព័ត៌មានទាំងអស់ បានចូលរួមប្រយុទ្ធប្រឆាំងនឹង ព័ត៌មានក្លែងក្លាយដែលបង្កឡើង ដោយពួកឱកាសនិយម ប៉ុនប៉ងបង្កភាពចលាចល នៅក្នុងសង្គមដើម្បីរំខានដល់ការរស់ឡើងវិញ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ដោយបាន ធ្វើការបកស្រាយ ពន្យល់ប្រជាពលរដ្ឋ និងអន្តរជាតិបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែមាន ទំនុកចិត្តមកលើរាជរដ្ឋាភិបាល»។

សម្ដេចតេជោ បន្ថែមថា៖ «បេសកកម្មរបស់បងប្អូន (អ្នកសារព័ត៌មាន) ពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយលទ្ធិប្រជាធិ បតេយ្យ និងការគោរពសិទ្ធិមនុស្ស ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយ ចីរភាព ការពារសេចក្តីសុខសាន្ត និងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ព្រមទាំង ការពារអាយុជីវិតរបស់ប្រជាពល រដ្ឋរបស់យើង ឲ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវនាពេលបច្ចុប្បន្ន»៕


