អភិបាលខេត្តកែប ផ្តល់សិទ្ធិឲ្យអាជ្ញាធរថ្នាក់ក្រោមកំណត់អត្តសញ្ញាណពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក ដោយមិនចាំបាច់ឆ្លងយោបល់…
កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសថា លោកនឹងផ្តល់សិទ្ធិអំណាចទៅអាជ្ញាធរថ្នាក់ក្រោមមាន អភិបាល ក្រុង ស្រុក ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលត្រូវយកមកធ្វើចត្តាឡីស័ក ដោយមិនចាំបាច់ធ្វើការឆ្លងយោបល់ជាមុន។ ការធ្វើបែបនេះដើម្បីពន្លឿនក្នុងការអនុវត្តវិធានការរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ ការនាំចូលជំងឺកូវីដ១៩ មកក្នុងភូមិសាស្រ្តខេត្តកែប។
លោកថ្លែងប្រកាសបែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ របស់សាខាកាកបាតក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

ក្នុងនោះអភិបាលខេត្តកែប ក៏បានណៃនាំឲ្យលោកប្រធានមន្ទីរ រៀបចំដែនដី នគររូបបនីយកម្ម និងសំណង់ ខេត្តកែប ត្រូវត្រៀមនូវធនធានមនុស្សក្នុងការរៀបចំផែនទី ដើម្បីកំណត់តំបន់ដែលមានការឆ្លងក្នុងសហគមន៍ ក្នុងករណីដែលខេត្តកែប មានការបិទខ្ទប់នៅតំបន់ណាមួយ។ ទោះបីពេលនេះខេត្តកែប មិនទាន់ឈានដល់ការបិទខ្ទប់នៅតំបន់ដែលមានការនាំចូលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
គួរបញ្ញាក់ថា បច្ចប្បន្នខេត្តកែបមានអ្នកជំងឺកូវីដ១៩ ចំនូន៣នាក់ហើយ ជាករណីនាំចូល ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកែប ដោយក្នុងនោះ មានអ្នកដែលប៉ះពាល់ ដោយប្រយោលចំនួន១៧នាក់ ត្រូវបានយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្តកែប។
ដោយឡែកសម្រាប់ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលមានអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ច្រើនជាងគេ នឹងត្រូវបិទខ្ទប់ក្នុងករណីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ក្រោយការតេស្តលទ្ធផលបង្ហាញថា វិជ្ជមាន៕
