សត្វជ្រូក៣០ក្បាលដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិចត្រូវបានដុតកម្ទេចចោល….
បន្ទាយមានជ័យ៖ ជ្រូករស់ចំនួន ៣០ក្បាល ដែលឈ្មួញបានលួចនាំចូលពីប្រទេសថៃ ដែលមានជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិចនោះ ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ធ្វើការដុតកម្ទេចចោលហើយ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖ សត្វជ្រូករស់ចំនួន ៣០ក្បាល ដែលមន្ត្រីជំនាញចាប់បានក្រោយពីឈ្មួញលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់នោះ ត្រូវបានមន្ត្រីជំនាញពិនិត្យឃើញថា មានជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិច។ ជ្រូកចំនួន ៣០ក្បាលនោះ បង្ក្រាបបានចំនួន ២ករណីដោយឡែកគ្នា ដោយករណីទី១ ចាប់នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចតាមដងផ្លូវ ស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយបានឃាត់រថយន្តតួរីស ១គ្រឿង ពាក់ស្លាក់លេខភ្នំពេញ2Q.2123 ដឹកជ្រូករស់ចំនួន ២០ក្បាល ដែលឈ្មួញបាននាំចូលពីថៃដោយគ្មានច្បាប់។

ចំពោះករណីទី២ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្បែព្រំដែនចំណុចច្រករបៀងចំការគរ ស្ថិតនៅភូមិចំការគ ឃុំនិងស្រុកស្វាយចេក ដោយឃាត់បានគោយន្តកន្ត្រៃ ១គ្រឿង ដឹកជ្រូករស់ចំនួន ១០ក្បាល ដែលនាំចូលគ្មានច្បាប់ពីប្រទេសថៃ។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា៖ ជ្រូករស់ចំនួន ៣០ក្បាល ដែលត្រូវដុតកម្ទេចចោលនោះត្រូវបានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបង្ក្រាបបានដោយឈ្មួញលួចនាំចូលពីប្រទេសថៃ ហើយត្រូវបានយកសំណាក់ទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វបានចេញលទ្ធផលមានជំងឺឆ្លងប៉េស្តជ្រូកអាហ្វរិច ហើយជំងឺនេះមិនឆ្លងដល់មនុស្សទេ តែឆ្លងពីសត្វទៅសត្វ។

ដើម្បីពង្រឹងការទប់ស្កាត់ជំងឺឆ្លងដល់ជ្រូកក្នុងស្រុកត្រូវចូលរួមការពារទប់ស្កាត់នៅតាមបន្ទាត់ព្រំដែនមិនឱ្យឈ្មួញលួចនាំចូលបានឡើយ៕


