ក្រសួងសុខាភិបាល ៖ ទោះវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិន ប្រគល់ឲ្យកម្ពុជា មិនទទួលស្គាល់ពី WHO ក៏នៅតែដំណើរការទៅមុខ…
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ទោះបីជាវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជា កាលពីថ្ងៃទី៧ កុម្ភៈ មិនទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក (WHO) ក៏ដោយ ក៏កម្ពុជា នៅតែដំណើរការទៅមុខជានិច្ច។លោកស្រី ឱ វណ្ណឌីន លើកឡើងបែបនេះ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ រឿងវ៉ាក់សាំងកូវីដ- ១៩ របស់ចិន ប្រគល់ឲ្យកម្ពុជា មិនទទួលស្គាល់ពី WHO។

សូមជម្រាបថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ បានបញ្ជូនមកដល់កម្ពុជា ចំនួន៦០ ម៉ឺនដូស ក្នុងជំហានដំបូង ក្នុងនោះ ចំនួន៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ដោយឡែក អ្នកចាក់វ៉ាក់សាំង ត្រូវមានចាប់ពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នក ដែលមានអាយុលើស ពី៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផល នៃការសិក្សាជាមុនសិន។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Sinopharm នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា «រឿងអង្គការ សុខភាពពិភពលោក ទទួលស្គាល់ ឬមិនទទួលស្គាល់ ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថា ទោះជាយ៉ាងណាក៏ដោយ ក៏វ៉ាក់សាំងនេះ នៅតែដំណើរការទៅមុខ។ ហើយប្រជាពលរដ្ឋ មួយចំនួន ក្នុងបណ្ដាប្រទេស មួយចំនួនធំហើយ នៅឥណ្ឌូនេស៊ី ប្រជាជនច្រើនណាស់ រាប់រាយលាននាក់ គេចាក់រួចហើយដែរ ហើយប្រទេសមួយចំនួនទៀត ក៏មានការប្រើប្រាស់ដែរ» ។លោកស្រីបន្ដថា «តើយើងអង្គុយចាំឬយ៉ាងម៉េច? ហើយម្យ៉ាងទៀត វ៉ាក់សាំងហ្នឹង ខ្ញុំសូមជម្រាបជូនថា មានលុយហើយទៅសុំគេទិញក៏មិនបានដែរ ព្រោះអីដណ្តើមគ្នា ។ ឥឡូវនេះចូលដល់រឿងដណ្តើមគ្នា អញ្ចឹងសូមបងប្អូនលោកពិចារណា កុំឲ្យមានការអារម្មណ៍ថា Who ទទួលស្គាល់ ឬមិនទទួលស្គាល់នោះឲ្យសោះ ។ ឥឡូវនេះអ្វីដែលយើងបារម្ភនោះ តើយើងទៅដណ្តើមទិញជាមួយគេបានដែរឬទេ?»។
អ្នកនាំពាក្យថា មកដល់ពេលនេះ មិនមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណាមួយទទួលស្គាល់ដោយ WHOនោះឡើយ៕
