ការធ្វើអន្តរាគមន៍យោធាអាចទៅរួចទេ ក្នុងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា…
វិភាគអន្តរជាតិ៖ មុននឹងឆ្លើយសំណួរនេះបាន យើងត្រូវឈ្វេងយល់ដែរថា ក្នុងប្រវត្តិសាស្រមនុស្សជាតិ ការធ្វើអន្តរាគមន៍យោធាឬហៅម្យ៉ាងទៀតបានថា ការធ្វើអន្តរាគមន៍មនុស្សធម៌ អាចកើតឡើងក្រោមរូបភាពតែពីរប៉ុណ្ណោះ។

រូបភាពទីមួយ កើតក្រោមឡើងដោយការធ្វើអន្តរាគមន៍ឯកតោភាគី ដែលសហគមន៍អន្តរជាតិចាត់ទុកថាខុសច្បាប់ ដូចករណី ដែលអាមេរិក ធ្វើអន្តរាគមន៍នៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ ដែលចោទប្រទេសនៅមជ្ឈិបូព៌ានេះថា អភិវឌ្ឍ និងកាន់កាប់អាវុធប្រល័យលោក ។

តែក្រោយផ្ដួលរំលំរបប សាដាម មូសាន អាមេរិក និងកកាយខ្ទេចខ្ទីអ៊ីរ៉ាក់ គ្មានស្រមោលអាវុធប្រល័យលោក នៅអ៊ីរ៉ាក់ដូចអាមេរិក ចោទឡើយ។ សម្រាប់ទិដ្ឋភាពទីមួយនេះ គឺពិបាកនឹងកើតឡើងណាស់ ដ្បិតមីយ៉ាន់ម៉ា គ្មានប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់អាមេរិក ជាប់ឈ្មោះជា ឧក្រិដ្ឋជន ឡើយ។

រូបភាពទីពីរ គឺ តាមរយៈពហុភាគី ពោលគឺ ចេញពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស ។ ការធ្វើអន្តរាគមន៍យោធាដំបូង និងតែមួយគត់ ដែលចេញពីក្រុមប្រឹក្សាសន្តិសុខ គឺកើតឡើងក្នុងសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣។

សម្រាប់ទិដ្ឋភាពទី២ នេះ ក៏ពិបាកនឹងជោគជ័យដែរ ព្រោះតែ ចិន ដែលជាសម្ព័ន្ធមិត្ត មីយ៉ាន់ម៉ា និងរបបសឹក នឹងធានាគ្រប់តម្លៃទាំងអស់ថា សេចក្តីសម្រេចនេះ ពុំអាចចេញរួច ដោយខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ មានសិទ្ធិវេតូ ។

ក្នុងសប្ដាហ៍នេះ នៅពេលក្រុមប្រឹក្សា កោះប្រជុំបន្ទាន់លើស្ថានការណ៍នៅមីយ៉ាន់ម៉ា ចិន និងរុស្ស៊ី រារាំងការចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសបង្ហាញការធ្វើរដ្ឋប្រហារនេះ ដោយអះអាង ត្រូវការពេលបន្ថែមទៀត ដើម្បីតានដានស្ថានការណ៍ ហើយ មិនចាំបាច់ទៅនិយាយដល់ការសេចក្តីសម្រេចធ្វើអន្តារគមន៍យោធាលើប្រទេស មីយ៉ាន់ម៉ា ឡើយ កាន់តែក្លាយជាសុបនិ្តដែលក្រុមប្រឹក្សាសន្តិសុខ ជាពិសេស អាមេរិក និងសម្ព័ន្ធអឺរ៉ុប ដេកគងថ្ងាស នឹកចង់បាន៕
