ឯកអគ្គរដ្ឋទូតចិន៖ កម្ពុជាជាប្រទេសដំបូងគេ ដែលទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ពីចិន…
(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងថា កម្ពុជាបានក្លាយជាប្រទេសស្ថិត នៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ពីរាជរដ្ឋភិបាលចិន។

ការថ្លែងយ៉ាងដូច្នេះរបស់លោក វ៉ាង វិនធាន ធ្វើឡើងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស នៃជំនួយ១លានដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក វ៉ាង វិនធាន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាទីក្រៃលែង ដែលបានចូលរួមពិធីប្រគល់ និងទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមបញ្ជាក់ជាពិសេសថា កម្ពុជាគឺស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ពីចិន»។

លោកឯកអគ្គរដ្ឋទូតចិនបានថ្លែងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យនៃសុភាសិតខ្មែរមួយដែលតែងពោលថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។

លោក វ៉ាង វិនធាន បានបន្ថែមទៀតថា ថ្ងៃនេះ អំណោយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបសស់ចិនដំបូងគេចំនួន៦០ម៉ឺនដូស ត្រូវបានប្រគល់ជូនភាគីកម្ពុជា ក្នុងនោះក៏រាប់បញ្ចូលទាំងវ៉ាក់សាំងមួយចំនួន របស់កងទ័ពរំដោះប្រជាជនចិន ជូនដល់កងយោធពលខេមរភូមិន្ទនេះ បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាដ៏ពិសេស និងជ្រាលជ្រៅនៃប្រទេស និងកងទ័ពទាំងពីរ។ សង្ឃឹមថា វ៉ាក់សាំងទាំងអស់នេះនឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជាទប់ស្កាត់ជំងឺវីរុសកូវីដ-១៩។

លោកបន្តថា ភាគីចិនបានផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជាលើកនេះ គឺជាសកម្មភាពដ៏សំខាន់នៃការអនុវត្តការប្រកាស របស់ប្រធានាធិបតីចិន Xi Jinping ស្តីអំពីក្នុងការចាត់ទុកវ៉ាក់សាំងកូវីដ-១៩ជាទំនិញរួមរបស់ពិភពលោក»៕
