បាតុកររាប់ពាន់នាក់ចេញមកប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា…
យ៉ាងហ្គោន៖បាតុករប្រឆាំងរដ្ឋប្រហាររាប់ពាន់នាក់នៅមីយ៉ាន់ម៉ា បានវិលមកកាន់ដងវិថីសាជាថ្មីកាលពីថ្ងៃអាទិត្យទី៧កុម្ភៈ នៅពេលការផ្តាច់អ៊ីនធឺណិតមិនអាចសម្រន់កំហឹងរបស់ប្រជាជនចំពោះការដែលយោធាបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី បានទេ។

ការជួបជុំតវ៉ាចុងក្រោយកើតឡើងក្រោយការប្រឆាំងតវ៉ាដ៏ធំមួយផងដែរកាលពីថ្ងៃសៅរ៍ នៅពេលមនុស្សរាប់ម៉ឺននាក់បានចេញមក តាមដងវិថីនៅក្នុងទីក្រុងធំៗទូទាំងប្រទេស ដើម្បីថ្កោលទោសរដ្ឋប្រហារដែលបានបញ្ចប់ការគ្រប់គ្រងស៊ីវិលអស់១០ឆ្នាំ។

អ្នកប្រឆាំងតវ៉ាដែលស្រែកពាក្យស្លោករាប់ពាន់នាក់ បានដើរដង្ហែរនៅក្នុងក្រុងយ៉ាងហ្គោន ក្រោមសម្លេងរបស់ស៊ីផ្លេរថយន្ត។អ្នកខ្លះកាន់បដាដែលសរសេរថា « យុត្តិធម៌សំរាប់មីយ៉ាន់ម៉ា» និង« យើងមិនចង់បានភាពផ្តាច់ការយោធា»និងអ្នកខ្លះទៀត គ្រវីទង់ពណ៌ក្រហមដែលជាតំណាងអោយគណបក្ស សម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យរបស់ស៊ូជីនិងលើកម្រាមដៃ៣ តំណាងអោយការតស៊ូនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ៕





