ទូ និងរថយន្តសម្រាប់ដឹកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានមកដល់កម្ពុជា…
ទូ និងរថយន្តសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងការពារកូវីដ១៩ បានមកដល់កម្ពុជា ខណៈការបង្ហាញរថយន្តនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយប្រតិភូ និងអ្នកពាក់ព័ន្ធជាច្រើន ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក Wang Wen Tian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

រថយន្តសម្រាប់ដឹកវ៉ាក់សាំ ដែលយកមកបង្ហាញនៅថ្ងៃនេះមានចំនួនពីរគ្រឿង ខណៈទូមានចំនួន៤ គ្រោងនឹងដឹកវ៉ាក់សាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ទីតាំងសម្រាប់ស្តុកវ៉ាក់សាំង ដែលស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីនោះថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅក្នុងខែកុម្ភៈ នាពេលឆាប់ៗខាងមុខនេះ តែសម្ដេចមិនបានបញ្ជាក់ថា នៅថ្ងៃណាពិតប្រាកដនោះទេ។

សម្ដេចពិជ័យសេនាបានបញ្ជាក់ថា វ៉ាក់សាំងដែលមកដល់កម្ពុជាមុនគេនេះគឺជាវ៉ាក់សាំងអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានចំនួន៦០ ម៉ឺន ដូស ក្នុងនោះ៣០ ម៉ឺនដូស បានទៅខាងយោធា និង៣០ ម៉ឺនដូស បានទៅខាងស៊ីវិល៕

