រថយន្ត Range Rover បើកឆ្លងផ្លូវ ត្រូវរថយន្តPRIUS បុក…
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ទៀតបើករថយន្តToyota Prius មកបុកពីចំហៀងខាងធ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៦៣កែងផ្លូវលេខ៤១៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ដំបូងឡើយគេឃើញរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-0137 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤១៨ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើរៀបនឹងបើកឆ្លងថ្នល់ទៅហើយ ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាក Toyota Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5238 តាមបណ្ដោយផ្លូវលេខ១៦៣ពីជើងទៅត្បូងក្នុងល្បឿនលឿន ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុក រថយន្ត Range Rover ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនធ្វើឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានព្យាយាមសម្របសម្រួលភាគីទាំងសងខាង ដោយខាងរថយន្ត Prius ព្រមចេញថ្លៃខូចខាតទាំងស្រុងទៅឱ្យភាគីខាងរថយន្តRange Rover ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕



