ជនជាតិចិនម្នាក់បើករថយន្តទៅបុកពីក្រោយរថយន្ត២គ្រឿង…
ភ្នំពេញ ៖ ជនជាតិចិន២នាក់បើករថយន្តស៊េរីទំនើប ក្នុងល្បឿនលឿនទៅបុកពីក្រោយរថយន្ត២គ្រឿងទៀត កំពុងរង់ចាំស្តុបបណ្តាលឲ្យរថយន្តរងការខូចខាតទាំង៣គ្រឿង សំណាងមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០០និង៤០នាទីឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស កែងនឹងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើប២គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ បានរង់ចាំស្តុបស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខព្រះសីហនុ 2A85 31 បើកបដោយជនជាតិចិន ធ្វើដំណើរមកពីក្រោយក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំ។ ចំណែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកដល់រួចបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុយក រថយន្តទាំង៣ គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕


