ករណីហិង្សាដោយចេតនា ស្រ្តីម្នាក់វាយក្មេងស្រីវយ័១៥ឆ្នាំ បណ្តាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន…
ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង០៨និង៤០ នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាមួយកើតឡើង នៅចំណុចមុខផ្ទះលក់ចាប់ហួយ របស់ជនរងគ្រោះ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈន់ នុតតាឆា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ សង្កាត់កើតហេតុ។
ជនសង្ស័យឈ្មោះ សុន ស្រីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន)។នៅវេលាកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះកំពុងតែនិយាយទូរស័ព្ទជាមួយឪពុករបស់ខ្លួននៅមុខផ្ទះ ពេលនោះជនសង្ស័យ និងម្តាយព្រមទាំងបងប្អូនកំពុងតែហូបបាយជជែកគ្នាលេងលឺ ៗ ធ្វើឲ្យរំខានដល់ជនរងគ្រោះ ក៏កើតជាទំនាស់ពាក្យសំដី ដៀមដាមដាក់គ្នាទៅវិញទៅមក ធ្វើឲ្យជនសង្ស័យខឹង ក៏បានស្ទុះទៅទះកំផ្លៀងជនរងគ្រោះ១ដៃ ចំថ្ពាល់ខាងឆ្វេង បណ្តាលឲ្យមានស្នាមរលាត់ស្បែក ក្រោមខាងឆ្វេងបន្តិច ហើយត្រូវបានអ្នកនៅទីនោះ ឃាត់បំបែកចេញទៅ ។

បន្ទាប់មកជនរងគ្រោះ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចុះជួយអន្តរាគមន៍ ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
