ឯកឧត្តម ជាវ តាយ ដឹកនាំមន្ត្រីចុះពិនិត្យ និងដោះស្រាយជម្លោះដណ្តើមដីកេរ បញ្ចុះសព រវាងម្តាយក្មេក និង កូនប្រសារស្រី នៅស្រុកទឹកឈូ…
ខេត្តកំពត៖ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជា ប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងដីទំនាស់ដីជាង២ហិកតា រវាងលោកយាយ ឈីវ អ៊ាក កូនចៅ និង ឈ្មោះ ឈុយ សាំង ត្រូវជាកូនប្រសារស្រី ព្រមទាំងចៅៗ ស្ថិតនៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដែលអមដំណើរដោយមន្ត្រីជំនាញ និងពលរដ្ឋជាសាក្សី។

បន្ទាប់ពីបានស្តាប់ការអះអាងរបស់ គូរភាគីទំនាស់ ការបញ្ជាក់របស់ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និង ពលរដ្ឋជាសាក្សី ឯកឧត្តម បានជំរុញណែនាំឲ្យភាគីទាំងពីរចេះយោគយល់គ្នា ព្រោះសុទ្ធតែសាច់ឈាមគ្នា ត្រូវគិតជាអតិភាពធ្វើម៉ុងទុកបញ្ចុះសពលោកយាយជរា និងពិភាក្សាគ្នា ដោះស្រាយឲ្យឈ្នះទាំងអស់គ្នា ឈរលើគោលនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបែងចែកដីកេរនេះតាមច្បាប់ ហើយចេះស្រឡាញ់រាប់អានគ្នាដូចដើមវិញ។ ឯកឧត្តមបានបញ្ជាឲ្យជំនាញសុរិយោដីចុះវាស់វែងដីទំនាស់ដើម្បីដឹងទំហំពិតប្រាកដ ងាយស្រួលក្នុងការដោះស្រាយបែងចែកនាពេលខាងមុខ។

សូមបញ្ជាក់ថា ទំនាស់ដីកេរ ឈានដល់
កូនប្រសារស្រីនិងចៅៗ មិនអនុញ្ញាតិឲ្យធ្វើម៉ុងទុកសម្រាប់បញ្ចុះសពលោកយាយដែលជរាពាធនេះ បានអូសបន្លាយជាច្រើនឆ្នាំ និង បានប្តឹងគ្នា ទៅអាជ្ញាធរដែនដី និងតុលាការ រហូតមានដីការរក្សាការពាររបស់សាលាដំបូងខេត្តកំពតផងដែរ។

អ្នកស្រី សុខ ងីម បញ្ជាក់ថា ម្តាយបង្កើតរបស់គាត់ឈ្មោះ ឈីវ អ៊ាក អាយុ៨៩ឆ្នាំ កំពុងមានវ័យជរា មានកូន៤នាក់ ស្រី២ និងប្រុស២។

ចេញពីសម័យប៉ុលពត ម្តាយរបស់គាត់និងបងប្អូនទាំង៤នាក់ បានរស់នៅជាមួយគ្នា និងកាន់កាប់ដីលំនៅដ្ឋាន ដែលមានទំហំចំនួន២១,៥០០ម៉ែត្រការ៉េ។ លុះដល់ឆ្នាំ១៩៨២ ប្អូនប្រុសរបស់គាត់ឈ្មោះ ជាង ឪទ្រី បានរៀបការប្រពន្ធឈ្មោះ ឈុយ សាំង ហើយក៏បន្តរស់នៅជុំគ្នា រហូតដល់ឆ្នាំ១៩៩២ ទើបអ្នកស្រី សុខ ងីម បានសាងសង់ផ្ទះថ្មីធ្វើពីឈើក្នុងដីតែមួយ លោកយាយ ឈីវ អ៊ាក ក៏រស់នៅជាមួយរូបគាត់ផងដែរ ព្រោះជាកូនស្រីបង្កើត ដែលម្តាយគ្រប់រូបអាចនឹងមានភាពកក់ក្តៅជាង។

ឆ្នាំ២០០០ ប្អូនប្រុសរបស់គាត់ ឈ្មោះ ជាង ឪទ្រី បានស្លាប់ដោយរោគាពាធក្នុងអាយុ៤៣ឆ្នាំ បន្សល់ទុកអោយប្រពន្ធ ឈ្មោះឈុយ សាំង ជាស្ត្រីមេម៉ាយ និងមានកូនប្រុសស្រីចំនួន៥នាក់ រស់នៅកំព្រា។បន្ទាប់មក នៅឆ្នាំ២០០៤ រូបគាត់បានធ្វើផ្ទះថ្មីមួយទៀត នៅឯភូមិស្នំប្រាំពីរ ក្នុងឃុំម៉ាក់ប្រាង្គជាមួយគ្នា កាលដែលអ្នកស្រីនិងក្រុមគ្រួសារបានមករស់នៅភូមិស្នំប្រាំពីរ លោកយាយឈីវ អាក ត្រូវជាម្តាយក៏មករស់នៅជាមួយរូបគាត់ផងដែរ ចំណែកឯផ្ទះឈើរបស់គាត់ដែលសង់លើដីចំនួន២១៥០០ម៉ែត្រការ៉េនោះ បានប្រគល់អោយប្អូនថ្លៃស្រី ឈ្មោះ ឈុយ សាំង និងកូនរស់នៅ ដោយផ្ទះរបស់ប្អូនថ្លៃគាត់ មានភាពទ្រុធទ្រោមខ្លាំងពេកពិបាកក្នុងការរស់នៅ។

អ្នកស្រីបានបន្តថា ថ្វីត្បិតតែរូបគាត់ អោយប្អូនថ្លៃ និងក្មួយរស់នៅមែន ក៏ប៉ុន្តែ រូបគាត់និងម្តាយតែងតែចេញចូលជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ រាល់ប្រពៃណីសែនចិន។ អ្វីដែលរូបគាត់ហួសចិត្តនោះ នៅអំឡុងឆ្នាំ២០១៣ ស្រាប់តែប្អូនថ្លៃ និងកូនលួចធ្វើប្លង់ដីទំហ៊ុ២១៥០០ម៉ែត្រការ៉េនេះ ស្ងាត់ៗ ដោយមិនបញ្ជាក់ប្រាប់ម្តាយក្មេក ដែលជាម្ចាស់កម្មសិទ្ធិលើដីរួមនោះទេ ការធ្វើបែបនេះ បានធ្វើឲ្យលោកយាយ ឈីវ អាក និងកូនព្រមទាំងចៅៗ ផ្សេងទៀត កើតទុក្ខមិនសុខចិត្ត ប្តឹងជំទាស់មិនអោយអាជ្ញាធរជំនាញចេញប្លង់ឡើយ ដោយមូលហេតុដីខាងលើ គឺជាដីរួមក្នុងគ្រួសារមិនទាន់បែងចែកនៅឡើយ ដោយមានការប្តឹងជំទាស់បែបនេះហើយ ទើបធ្វើអោយអ្នកស្រី ឈុយ សាំង ខឹងសម្បា រហូតឈានទៅប្តឹងម្តាយក្មេកខ្លួនឯង កាលពីឆ្នាំ២០១៥ទៅតុលាការខេត្តកំពត ឈ្នះក្តីទទួលបានចេញដីការក្សាការពារលើផ្ទៃដី ២១៥០០អាម៉ែត្រការ៉េនោះ។

អ្នកស្រី ជាង សុខងីម និងកូនចៅគាត់មានការព្រួយបារម្មណ៍ ចំពោះលោកយាយ ឈីវ អ៊ាក ដែលមានអាយុ៨៩ឆ្នាំទៅហើយ ក្នុងឆ្នាំ២០២០នេះ ហើយលោកយាយមានវ័យជរានៅតែដង្ហឹមចុងក្រោយតែប៉ុណ្ណោះ ដោយមើលឃើញពីការអស់សង្ឃឹមនេះហើយ ទើបកូនចៅប្រុសស្រីទាំងអស់នាំគ្នា រៀបចំរកកន្លែងធ្វើម៉ុងលើដី២១៥០០ម៉ែត្រការ៉េ ដើម្បីសម្រាប់ត្រៀមបញ្ចុះសពលោកយាយ តែលទ្ធផល ត្រូវបានកូនប្រសារស្រីឈ្មោះ ឈុយ សាំង និងចៅៗ បដិសេដ្ឋមិនព្រមអោយបញ្ចុះលើដី២១៥០០ម៉ែត្រការ៉េ នេះឡើយ។

ជុំវិញការចោទប្រកាន់ ពីសំណាក់ក្រុមគ្រួសារអ្នក ជាង សុខងីម និងក្មួយៗ យ៉ាងចាស់ដៃ អ្នកស្រី ឈុយ សាំង និងកូនប្រុសស្រី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានអោយក្រុមអ្នកព័ត៌មានយើងដឹងថា ដីចំនួន២១៥០០ម៉ែត្រការ៉េខាងលើនេះ គឺជាដីរបស់ប្តីគាត់ បានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ ហើយអ្នកស្រី ឈុយ សាំង បានបន្តថា រូបគាត់តាំងពីរៀបការជាមួយប្តីគាត់ កាលពីឆ្នាំ១៩៨២មក រូបគាត់និងប្តី បានដាំដំណាំធូរេន និងមង្ឃុតបន្ថែមជាច្រើនដើមទៀត ព្រោះដីនេះលិចទឹកស្ទើរាល់ឆ្នាំ ហើយដំណាំផ្សេងទៀត ដែលមានស្រាប់កន្លងមកត្រូវងាប់ជាបន្តបន្ទាប់ ជាមួយគ្នានោះផងដែរ អ្នកស្រីឈុយ សាំង បានបន្តថា គាត់មិនមែនជាអ្នកប្តឹងម្តាយក្មេកឈ្មោះ ឈីវ អ៊ាក និងបងស្រីថ្លៃឈ្មោះ ជាង សុខងីម នោះទេ គឺរូបគាត់បានរងបណ្តឹងពីម្តាយក្មេក និងបង
ស្រីថ្លៃ ដែលបានប្តឹងរូបគាត់មុន។

ពាក់ព័ន្ធរឿងរ៉ាវទំនាស់ដីធ្លីរវាងម្តាយក្មេក និងកូនប្រសារស្រីខាងលើនេះ អ្នកភូមិជាច្រើននាក់ ក្នុងនោះ រួមទាំងអនុភូមិបទក្បាលដំរីផងដែរ បានចេញមុខអះអាងព្រមៗគ្នាថា ដី២១៥០០ម៉ែត្រការ៉េនេះ គឺជាដីកម្មសិទ្ធិរបស់លោកយាយ ឈីវ អ៊ាក ពិតប្រាកដមែន ពីព្រោះតាំង ពីចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩មក លោកយាយឈីវ អ៊ាក និងកូនៗ បានរស់នៅនិងអាស្រ័យផលលើនេះ ដែលមានលិខិតកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ តែក្រោយមកកូនប្រុសគាត់ឈ្មោះ ជាង ឪទ្រី បានស្លាប់ គាត់បានអោយកូនប្រសារស្រីដាំដុះថែទាំ ទទួលផល ដើម្បីចិញ្ចឹនកូនៗកំព្រា៥នាក់ក្នុងបន្ទុក។ ការលើកឡើងរបស់អ្នកភូមិជិតខាងបានអោយដឹងទៀតថា លោកយាយ ឈីវ អ៊ាក មិនទាន់បានបែងចែកចំណែកដីខាងលើនេះ អោយទៅកូនបង្កើតណាផ្តាច់មុខនៅឡើយទេ តាំងឆ្នាំ១៩៧៩មក អ្វីដែលអ្នកភូមិហួសចិត្តនោះ បែរជាលេចមុខកូនប្រសារស្រី និងចៅ បែរជាប្តឹងផ្តល់ម្តាយក្មេកខ្លួនឯង និងរារាំងកូនចៅយាយបង្កើត មិនអោយធ្វើម៉ុងសម្រាប់បញ្ចុះសពលោកយាយ លើដីរបស់គាត់ទៀត ដែលហេតុការណ៍នេះបានធ្វើអោយអ្នកភូមិរាប់សិបនាក់ ចេញមុខសំដែងការហួសចិត្តអាណិតលោកយាយ ឈីវ អ៊ាក អាយុ៨៩ឆ្នាំហើយ បែជាជួបរឿងបែបនេះទៅវិញ។
