ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ណែនាំឲ្យយោធិនទាំងអស់បំពេញតួនាទីស្របតាមរដ្ឋធម្មនុញ្ញច្បាប់និងនយោបាយការពារជាតិ🇰🇭
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានណែនាំឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងយោធិនទាំងអស់ក្នុងជួរកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទប្រកាន់យកការសម្រេចចិត្តច្បាស់លាស់និងប្រុងប្រយ័ត្នជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទីនិងភារកិច្ចក្នុងនាមកងយោធពលខេមរភូមិន្ទស្របតាមរដ្ឋធម្មនុញ្ញ , ច្បាប់និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិប្រជាជននិងមាតុភូមិ ។ ការណែនាំរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ២០២០ និងទិសដៅការងារយោធាសន្តិសុខ ២០២១ របស់កងទ័ពជើងគោក រាជធានី ភ្នំពេញ នៅ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ។

លោក ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងយោធិនទាំងអស់ក្នុងជួរកងទ័ពជើងគោកនៃកងយោធពល ខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គខិតខំសម្រេចបាននូវស្នាដៃនិង សមិទ្ធផលគួរ ឱ្យកត់សម្គាល់ជាច្រើនដោយបានអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នោះកម្លាំងរបស់យើងបានពង្រឹងខឿនការពារជាតិម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួនមានដូចជាការងារការពារព្រំដែនការងារ ហ្វឹកហ្វឺនអប់រំចិត្តសាស្ត្របំប៉នមុខជំនាញការចូលរួមលើកិច្ចការស្តារនិងអភិវឌ្ឍជាតិព្រមទាំងចូលរួមសហការការពារ សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗធានាថែរក្សាបាននូវសន្តិភាពស្ថិរភាព នយោបាយសន្តិសុខសុវត្ថិភាពនិងការអភិវឌ្ឍគួរជាទីមោទនៈ ។មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថាសមិទ្ធផលទាំងនេះបានកើតឡើងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីរួមជាមួយនឹងឥស្សរជនរបស់ជាតិជាច្រើនរូបទៀតព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋានក៏ដូចជាការចូលរួម អនុវត្តតួនាទីភារកិច្ច របស់មេបញ្ជាការមេបញ្ជាការរងគ្រប់លំដាប់ថ្នាក់នាយទាហាននាយទាហានរងនិងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទទាំងអស់ហើយក៏មិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភគាំទ្ររបស់ស្ថាប័នរដ្ឋនិងអង្គភាពសម្ព័ន្ធមេត្រីភាពជាពិសេសពី សំណាក់ប្រជាពលរដ្ឋយើងតែម្តង ។សូមបន្តកិច្ចខិតខំប្រឹងប្រែងដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់និងប្រុងប្រយ័ត្នជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទីនិងភារកិច្ចក្នុងនាមកងយោធពលខេមរភូមិន្ទស្របតាមរដ្ឋធម្មនុញ្ញ , ច្បាប់និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រ កម្ពុជាដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិប្រជាជននិងមាតុភូមិយើង ៕
